ភ្នំពេញ ៖ ថ្មីៗនេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានឃើញមានការបង្ហោះសកម្មភាពវីដេអូបុរសម្នាក់ដែលវាយទៅលើកូនក្មេង តាមរយៈទំព័រហ្វេសប៊ុក ឈ្មោះ “ផែកជួយសង្គមខ្មែរ” និងទំព័រផ្សេងៗទៀត។ តាមការស្រាវជ្រាវកម្លាំងជំនាញបានរកឃើញថាករណីនេះមិនបានកើតឡើងនៅព្រះរាជាណាចក្រកម្ពុជានោះទេ សកម្មភាពនេះគឺកើតឡើងនៅទីក្រុង Binh Phuoc ប្រទេសវៀតណាម កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៤ រវាងឪពុកចុង និងក្មេងប្រុស ហើយនគរបាលប្រទេសវៀតណាមបាននាំខ្លួនជនសង្ស័យទៅសាកសួរ និងអនុវត្ដនីតិវិធីផងដែរ ក្មេងប្រុសនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានវិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្រោយបានទទួលការព្យាបាល។
នាយកដ្ឋានសូមក្រើនរំលឹកដល់សាធារណជនទាំងអស់ថា ការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយសូមបញ្ជាក់ឲ្យច្បាស់ពីប្រភព និងកន្លែងកើតហេតុ ចៀសវាងការភាន់ច្រឡំពីសាធារណជន។ បន្ថែមពីនោះក៏សូមពិនិត្យ និងពិចារណាឲ្យបានច្បាស់នូវគោលបំណងក្នុងការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ ដែលធ្វើឲ្យសាធារណជនភ្ញាក់ផ្អើលដើម្បីកេងផលប្រយោជន៍មកបុគ្គលផ្ទាល់ខ្លួន។
នាយកដ្ឋាននឹងបន្តស្រាវជ្រាវរកបុគ្គលដែលបានបង្ហោះករណីខាងលើក្នុងគោលបំណងអាត្មានិយមធ្វើឲ្យបំពុលដល់សង្គមដើម្បីមកអប់រំណែនាំ ឬអនុវត្តតាមនីតិវិធី។
ក្រុមការងារសូមការអធ្យាស្រ័យដែលបានដាក់ពាក្យលើរូបថាព័ត៌មានក្លែងក្លាយ ដោយករណីនេះពិតជាបានកើតឡើងមែនប៉ុន្តែមិនមែនកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ ៕
ដោយ ៖ សិលា