ភ្នំពេញ៖ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្ត្រី,ក្រុមប្រឹក្សាអ្នកច្បាប់បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “ការអភិវឌ្ឍគោលនយោបាយពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់កម្ពុជា៖ ទស្សនវិស័យនិងបញ្ហាប្រឈមផ្នែកច្បាប់នាពេលអនាគត” ដោយមានការចូលរួមពី លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ផ្តល់ជូននូវបទបង្ហាញដល់តំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ ថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិកបម្រុង ជំនួយការ និងមន្ត្រីរាជការនៃក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ទីស្តីការគណៈរដ្ឋមន្រ្តី និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង និងនិស្សិតសាកលវិទ្យាល័យ ន័រតុន មានចំនួនសរុបប្រមាណ៤៦០នាក់។
សូមជម្រាបផងដែរថា : បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ នេះជាវគ្គបណ្តុះបណ្តាលលើកទី៣ ដែលក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តីរៀបចំឡើងបន្តពីវគ្គបណ្តុះបណ្តាលលើកទី១ លើប្រធានបទ “ការរៀបចំគោលនយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា” កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ និងលើកទី២ លើប្រធានបទ “ការវិវត្តនៃវិធានពាណិជ្ជកម្មនៅកម្ពុជា” កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ តែងតែមានប្រសាសន៍ណែនាំថា យើងគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ “រៀនមួយជីវិត (Life-long learning) និង ត្រៀមខ្លួនក្នុងការអភិវឌ្ឍចំណេះដឹងនិងជំនាញបន្ថែម (Upskill) ឬចាប់យកចំណេះនិងជំនាញថ្មី (Reskill) ដើម្បីសម្របនឹងបរិបទថ្មីនេះ” ដើម្បីឈានឆ្ពោះទៅពង្រឹងសមត្ថភាព គុណភាព និងចំណេះដឹងឱ្យកាន់តែទូលំទូលាយ សំដៅបង្កើននូវប្រសិទ្ធិភាពនិងផលិតភាពការងារឱ្យកាន់តែប្រសើរជាងមុនទាំងក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ក៏ដូចតាមបណ្តាក្រសួងស្ថាប័នផ្សេងៗ ព្រមទាំងនិស្សិតនៅតាមសាកលវិទ្យាល័យនានាផងដែរ៕
ដោយ ៖ សិលា