ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីណែនាំ ស្តីពីការពង្រឹងវិន័យ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព របស់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សា

ចែករំលែក៖

ភ្នំពេញ ៖ នាពេលថ្មីៗនេះ តាមរយៈការបង្ហោះព័ត៌មាននៅតាមបណ្តាញសង្គមនានា កុមារ និងយុវជនមួយចំនួនបានរាំលេងតាមចង្វាក់ស៊ីផ្លែបែបភ្លេងរបស់រថយន្តធំៗ នៅតាមដងផ្លូវសាធារណៈ ដែលសកម្មភាពនេះ បានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពនៅតាមដងផ្លូវសាធារណៈ និងអាចបង្កភាពអាណាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ ឬអាច បណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ។

ក្នុងគោលបំណងពង្រឹងវិន័យ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពតាមដងផ្លូវសាធារណៈ ជាពិសេសសុវត្ថិភាព របស់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សា ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់ ដូចខាងក្រោម៖

១. គ្រូបង្រៀន

-ត្រូវពង្រឹងវិន័យ និងបញ្ជាបការអប់រំសីលធម៌ ចរិយាធម៌ និងឥរិយាបថក្នុងសង្គម ដល់សិស្សានុសិស្ស ក្នុងម៉ោងសិក្សាជាប្រចាំ

-ត្រូវគ្រប់គ្រងវត្តមានសិស្សតាមម៉ោងសិក្សាឱ្យបានម៉ឺងម៉ាត់

-ត្រូវពន្យល់ និងណែនាំសិស្សអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពអំឡុងពេលធ្វើដំណើរ

-ត្រូវហាមសិស្សជាដាច់ខាតនូវរាល់សកម្មភាព ដែលបង្កភាពអាណាធិបតេយ្យ និងបាត់បង់សេចក្តីថ្លៃថ្នូរ ដូចជា ការរាំលេងតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ នៅតាមដងផ្លូវសាធារណៈ ជាដើម។

២. គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា

-ត្រូវណែនាំជាប្រចាំអំពី វិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលារៀនដល់សិស្សានុសិស្ស

ជំរុញ និងគាំទ្រដំណើរការក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជន ក្នុងការចូលរួមណែនាំ និងក្រើនរំលឹក សមាជិក ឱ្យផ្តោតលើការសិក្សារៀនសូត្រ និងលើកកម្ពស់ការអនុវត្តវិន័យ សណ្តាប់ធ្នាប់ របៀបរៀបរយ ការអប់រំ សីលធម៌ និងចរិយាធម៌

-បង្កើតកម្មវិធីអប់រំសីលធម៌ និងចរិយាធម៌ គ្រប់រូបភាព ដើម្បីជួយគាំទ្រ និងបណ្តុះទម្លាប់ល្អរបស់សិស្សឱ្យក្លាយជាពលរដ្ឋពេញលេញ (មានចំណេះដឹងនិងជំនាញ, ចេះគោរពច្បាប់និងសណ្តាប់ធ្នាប់សង្គម…)។

៣. ការចូលរួមរបស់អ្នកពាក់ព័ន្ធ

មាតាបិតា និងអ្នកអាណាព្យាបាលត្រូវចូលរួម តាមដាន និងទប់ស្កាត់ការធ្វើសកម្មភាពរបស់កូនចៅ ដែល បង្កភាពអាណាធិបតេយ្យ និងបាត់បង់សេចក្តីថ្លៃថ្នូរ ជាក់ស្តែងដូចជាការរាំលេងតាមចង្វាក់ស៊ីផ្លែបែបភ្លេង របស់រថយន្តធំៗ នៅតាមដងផ្លូវសាធារណៈ ជាដើម ។ 

មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុងស្រុក ខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការ និងគាំទ្រដល់សាលារៀន ក្នុងការពង្រឹងវិន័យ និងការអនុវត្ត បទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់ ។

ទទួលបានសេចក្តីណែនាំនេះ គ្រប់គ្រឹះស្ថានសិក្សា មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត លោកគ្រូ អ្នកគ្រូ និង ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការនិងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ ៕

ដោយ ៖ សិលា


ចែករំលែក៖