ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍៦ចំណុចដើម្បីលើកកម្ពស់វិស័យអប់រំនៃសាសនាឥស្លាមកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៨ ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវឱ្យបន្តយកចិត្តទុកដាក់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាផ្សេងៗដើម្បីឱ្យបងប្អូនខ្មែរ ឥស្លាមទទួលបាននូវការងារសមស្របធ្វើឱ្យជីវភាពគ្រួសារនិងសង្គមជាតិកាន់តែប្រសើរឡើង។

ដើម្បីសម្រេចបានតាមគោលដៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវអនុសាសន៍មួយចំនួនដូចតទៅ៖

ទី១. ថ្នាក់ដឹកនាំឥស្លាម និងសាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការ សាមគ្គីគ្នា និងមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀតទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិដោយឈរលើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍។

ទី២. ត្រូវបន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈកិច្ចសហការជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់។ 

ទី៣. សូមឱ្យអាជ្ញាធរមានសមត្ថកិច្ច ជួយសម្រួលលើការសាងសង់សាលារៀន វិហារឥស្លាមស៊ូរ៉ា ជូនបងប្អូនខ្មែរឥស្លាម ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីជូនដំណឹងស្តីពីការ កំណត់លើការកសាងទីកន្លែងប្រតិបត្តិសាសនានៅតាមបណ្តាភូមិដែលមានសាសនិកខ្មែរឥស្លាមរស់នៅ ឱ្យស្របតាមក្រឹត្យក្រមច្បាប់សាសនាឥស្លាមដែលបានកំណត់និងអនុវត្តតាមបច្ចេកទេសទៅតាមសា្ថប័នមានសមត្ថកិច្ច។

ទី៤. ត្រូវបង្កើនសកម្មភាពសង្គមតាមរយៈកិច្ចការមនុស្សធម៌ការអប់រំ ការអភិវឌ្ឍ និងសកម្មភាពសាសនា ដោយឈរលើគោលការណ៍នៃជំនឿឥស្លាម និងគោរពតាមរដ្ឋធម្មនុញ្ញ។

ទី៥. សូមមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានាសិទ្ធិសេរីភាព ខាងសាសនាឥស្លាមនៅកម្ពុជា តាមរយ:សាមគ្គីភាព ជាមួយអ្នកកាន់សាសនានានា ដើម្បីភាពសុខដុមនីយកម្មផ្នែកសាសនា។

ទី៦. សូមបន្តកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដើម្បីកៀរគរថវិកា និងបច្ចេកទេសសម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមន៍ខ្មែរឥស្លាមដោយជៀសវាងការយកសាសនាសម្រាប់ធ្វើអាជីវកម្ម បង្កើតបញ្ហាមិនល្អនៅក្នុងសហគមន៍។ 

សម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងបុព្វហេតុ ប្រទេសជាតិ និងប្រជាជន បានខិតខំធ្វើឱ្យសាសនាទាំងអស់ទទួលបានការគាំពារ និងការលើកទឹកចិត្តសុខដុមនីយកម្មសាសនា ដើម្បីឆ្ពោះទៅរកការរីកចម្រើន និងរស់នៅក្នុងសន្ដិភាព និងការអភិវឌ្ឍ។

សម្ដេចធិបតីបានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ផ្ដល់សិរីភាព ជំនឿងសាសនាយ៉ាងទូលំទូលាយ ដល់ប្រជាជនទូទៅដែលឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មសាសនិកនៅគ្រប់និកាយសាសនា និងប្រឆាំងនូវរាល់ទង្វើរើសអើងសំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។

សម្ដេចធិបតី បញ្ជាក់ថា៖«កម្ពុជាពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់សាសនាផ្សេងៗគ្នា ប៉ុន្ដែមានសាមគ្គីគ្នាយ៉ាងល្អប្រសើរ។ កត្តានេះ មិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាមោទនភាពសម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ ខណៈដែលប្រទេសជាច្រើនបានកោតសរសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា»៕

ដោយ ៖ សិលា


ចែករំលែក៖