ភ្នំពេញ៖ នៅសមាគមអ្នកនិពន្ធខ្មែរ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មានជំនួបពិភាក្សាការងាររវាងតំណាងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសមាគមអ្នកនិពន្ធខ្មែរលើការងារផ្សព្វផ្សាយ អប់រំ ពីបញ្ហាគ្រឿងញៀនដល់សាធារណជន ក្រោមអធិបតីភាពដឹកនាំឯកឧត្តម កវីនិពន្ធ ជ័យ ចាប ប្រធានក្រុមប្រឹក្សាភិបាលសមាគម និងដោយមានការចូលរួមពីលោក ព្រឿង ប្រណិត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បណ្ឌិត ឡឹក ជំនោរ អនុប្រធានសមាគមអ្នកនិពន្ធខ្មែរនិងក្រុមការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង។
លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសមាគមអ្នកនិពន្ធខ្មែរដែលបានផ្តល់ឱកាសជំនួបពិភាក្សា ដើម្បីរកវិធីសាស្ត្រថ្មីៗថែមទៀត ដែលអាចជួយឲ្យការងារផ្សព្វផ្សាយអប់រំកាន់តែមានភាពផុលផុសនិងមានខ្លឹមសារជ្រាលជ្រៅ ដែលធ្វើឲ្យប្រជាពលរដ្ឋងាយយល់ និងចូលរួមកាន់តែសកម្មក្នុងការបង្ការនិងទប់ស្កាត់បញ្ហាគ្រឿងញៀន ឆ្លើយតបបានទៅនឹងឆន្ទះដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយនិងឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនឲ្យអស់ពីកម្ពុជា។
លោក កវីនិពន្ធ ជ័យ ចាប បានមានប្រសាសន៍ថា ការងារផ្សព្វផ្សាយ អប់រំ ជាការចាំបាច់និងមានសំខាន់ ប៉ុន្តែខ្លឹមសារគឺជាស្នូល ព្រោះបើខ្លឹមសារកម្រិតណា ផលនៃការផ្សព្វផ្សាយអប់រំនឹងស្ថិតក្នុងកម្រិតនោះ ហើយពេលជះផលមិនល្អក៏ថាបាន។ ឯកឧត្តម ក្នុងនាមសមាគមអ្នកនិពន្ធខ្មែរ មានការចាប់អារម្មណ៍ និងសំដែងនូវមនោសញ្ចេតនារីករាយក្នុងការចូលរួមជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីលើកកម្ពស់ខ្លឹមសារផ្សព្វផ្សាយអប់រំ តាមរយៈការចូលរួមពិនិត្យនិងកែសម្រួល តាមរយ:ការប្រកួតស្នាដៃសិល្ប: គំនូរ កំណាព្យ រឿងខ្លី អត្ថបទអប់រំប្រយុទ្ធប្រឆាំងគ្រឿងញៀននានានឹងបំផុសឱ្យមហាជនស្វែងយល់ ស្រាវជ្រាវដើម្បីយល់ដឹងពីបញ្ហាគ្រឿងញៀនកាន់តែសកម្មផុលផុសបន្ថែមទៀត។
តាមរយ:កិច្ចជំនួបពិភាក្សានោះ គ្រប់សមាសភាពទាំងអស់សុទ្ធតែបង្ហាញនូវគុណប្រយោជន៍សារសំខាន់ការងារផ្សព្វផ្សាយអប់រំ នឹងបានឯកភាពបន្តសហការនិងជួយគ្នាទៅវិញទៅមក ដើម្បីឱ្យសកម្មភាពផ្សព្វផ្សាយ អប់រំ ផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋឱ្យបានកាន់ផុលផុស ប្រកបដោយខ្លឹមសារអប់រំជ្រាលជ្រៅថែមទៀតបន្ថែមទៀត៕
ដោយ៖ តារា