ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានស្តីពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍នៅលើបណ្តាញផ្សព្វផ្សាយរបស់ក្រសួងព័ត៌មានរវាងក្រសួងអធិការកិច្ច និងក្រសួងព័ត៌មាន

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងព័ត៌មាន និងក្រសួងអធិការកិច្ចបានចុះអនុស្សរណៈយោគយល់ជាផ្លូវការលើកិច្ចសហប្រតិបត្តិ ការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍នៅលើបណ្តាញផ្សព្វផ្សាយគ្រប់ប្រភេទទាំងអស់របស់ក្រសួង ព័ត៌មាន ដែលពិធីចុះហត្ថលេខាបានប្រព្រឹត្តឡើងក្រោមអធិបតីរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ ដឹកនាំរបស់ក្រសួងទាំងពីរ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។

អនុស្សរណៈនៃការយោគយល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសហការផលិត ផ្សព្វផ្សាយមាតិកាព័ត៌មានគ្រប់ទម្រង់របស់ក្រសួងអធិការកិច្ចឱ្យកាន់តែសម្បូរបែប ទាន់ពេលវេលា និង ប្រកបដោយគុណភាព សំដៅបញ្ញាបការយល់ដឹងរបស់ប្រជាពលរដ្ឋលើវិស័យអធិការកិច្ចនៅកម្ពុជា នៅលើ ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទទាំងអស់របស់ក្រសួងព័ត៌មានទាំងបុរាណ និងទំនើប ក្នុងនោះ រួមមាន ទូរទស្សន៍ជាតិកម្ពុជា (TVK) វិទ្យុជាតិកម្ពុជា (RNK) ទីភ្នាក់សារព័ត៌មានកម្ពុជា (AKP) និងអង្គភាព ផ្សព្វផ្សាយដទៃទៀត ដូចជា វិទ្យុជាតិ AM 918MHZ, FM96MHz គេហទំព័រ កម្មវិធីទូរសព្ទ (App MoINFO) និងបណ្តាញទំនាក់ទំនងសង្គមដទៃទៀតរបស់ក្រសួងព័ត៌មាន សំដៅពង្រីក និងពង្រឹងវិសាល ភាពការផ្សព្វផ្សាយព័ត៌មានរបស់ស្ថាប័នសាធារណៈទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

អនុស្សរណៈនៃការយោគយល់នេះ គាំទ្រដល់ចក្ខុវិស័យនៃការបន្តដឹកនាំក្រសួងព័ត៌មានឱ្យក្លាយ ទៅជា “ស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល» ដើម្បីគ្រប់គ្រងលំហព័ត៌មាន និងសន្តិសុខព័ត៌មាននៅកម្ពុជា។ ដោយឡែក កិច្ច សហការរវាងក្រសួងព័ត៌មាន និងក្រសួងអធិការកិច្ចនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ និងធានាការទទួលបានព័ត៌មានពិត និងអាចជឿទុកចិត្តបាន ពីស្ថាប័នសាធារណៈដល់ប្រជា ពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ខណៈចំនួននៃព័ត៌មានក្លែងក្លាយមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែល អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖