ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង ស្តីពី ការរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារអាទិភាពបន្ត

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងយុត្តិធម៌​ នៅរសៀល​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជាសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាបថា ក្រសួងយុត្តិធម៌នឹងរៀបចំ “មហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត” រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Garden City ស្ថិតនៅមហាវិថីឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ 

មហាសន្និបាតនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោក ជីវ កេង ប្រធានតុលាការកំពូល និង លោកស្រី​ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល និងដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ព្រមទាំង ចៅក្រម និងព្រះរាជអាជ្ញា មកពីសាលាជម្រះក្តី និង អង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ប្រមាណជាង ៧០០នាក់។

មហាសន្និបាតលើកទី១ សម្រាប់វិស័យយុត្តិធម៌នេះ នឹងរៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងបូកសរុប លទ្ធផលការងារដែលវិស័យយុត្តិធម៌សម្រេចបានក្នុងឆ្នាំ២០២៣, ពិនិត្យ និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យយុត្តិធម៌ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការងារកែទម្រង់ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ស្របតាមគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រ ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា និងវិធានការគន្លឹះទី ៥ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅម៉ោង ៥:០០ នាទីល្ងាចនៅទីតាំងខាងលើ ដើម្បីបង្ហាញអំពីលទ្ធផលនៃមហាសន្និបាត រយៈពេល ៣ថ្ងៃនេះ បន្ទាប់ពីមហាសន្និបាតនេះ ត្រូវបានបិទបញ្ចប់។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសូមអញ្ជើញតំណាងសារព័ត៌មានទាំងអស់ ចូលរួមយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានខាងលើតាមការគួរ៕

ដោយ​៖ តារា​


ចែករំលែក៖