ខេត្តត្បូងឃ្មុំ៖ យោងតាមប្រភពព័ត៌មានពីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោក សួន វិសាល បានដឹកនាំកិច្ចប្រជុំក្រុមទី២ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ បានចុះអនុវត្តការងារនៅសាលាដំបូងខេត្តត្បូងឃ្មុំ កាលពីរសៀលម្សិលមិញនេះ។ ក្នុងនោះ មានការចូលរួមពីសមាជិកក្រុមការងារ, លោកប្រធានសាលាដំបូង, លោកព្រះរាជអាជ្ញា ព្រមទាំងលោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងប្រធាន អនុប្រធានលេខាធិការដ្ឋាន និងប្រធានការិយាល័យពាក់ព័ន្ធ។
ក្នុងជំនួបនេះផងដែរ, គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ បានទទួល និងស្នើសុំសាលាដំបូងខេត្តត្បូងឃ្មុំ ឱ្យផ្តល់ជូននូវស្ថិតិសំណុំរឿងដែលនៅសល់កំពុងចាត់ការទាំងអស់ រួមមានសំណុំរឿងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ជាពិសេសគឺការណែនាំអំពីការបំពេញនូវទម្រង់របាយការណ៍រួម ដើម្បីធ្វើរបាយការណ៍មកគណៈកម្មការវិញ។ ម្យ៉ាងវិញទៀត គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ បានស្នើសុំផងដែរ នូវផែនការសកម្មភាពត្រីមាស ប្រចាំឆ្នាំ២០២៤ និង២០២៥ ព្រមទាំងផែនការចំណាត់ការរឿងក្តីរបស់ចៅក្រម និងព្រះរាជអាជ្ញា និងរបាយការណ៍សំណុំរឿងអាទិភាពដូចជាគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន ជាដើម ដើម្បីគណៈកម្មការ មានលទ្ធភាពក្នុងការរៀបចំរបាយការណ៍រួមដាក់ជូនគណៈបញ្ជាការនៃយុទ្ធនាការ។
ក្រៅពីកិច្ចប្រជុំរួមខាងលើ ក្រុមការងារក៏បានធ្វើការដោយផ្ទាល់ជាមួយចៅក្រម ព្រះរាអាជ្ញាផងដែរ ដើម្បីរិះរកមធ្យោបាយអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយទទួលបានជោគជ័យ៕
ដោយ៖ តារា