ខេត្តកំពង់ស្ពឺ៖ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះថា ជនសង្ស័យចំនួន ០៤នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញក្រុងច្បារមន ចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញា ឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជាក់ស្ដែង រួមនឹងវត្ថុតាងជាគ្រឿងញៀនមួយចំនួនផងដែរ។
បេីតាមការបញ្ជាក់ពីមន្រ្តីជំនាញ នៃអធិការនគរបាលក្រុងច្បារមន បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលេីនេះ បានធ្វេីឡេីងនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ ខណៈកម្លាំងជំនាញ បានឡោមព័ទ្ធទីតាំងមួយកន្លែងស្ថិតក្នុងភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមុខសញ្ញាជួញដូរគ្រឿងញៀនស្នាក់ និងលាក់ខ្លួន។
ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញអធិការក្រុងបានឃាត់ខ្លួនជនសង្ស័យ៤នាក់ រួមមាន៖ ទី១៖ ឈ្មោះ សុខ ផល្លី ហៅភាច អាយុ៤២ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន,ទី២៖ ឈ្មោះ ហ៊ឹម សុខហាន អាយុ២៨ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កណ្តោលដុំ, ទី៣៖ ឈ្មោះ អ៉ឹម អូនវង អាយុ៣២ឆ្នាំ នៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ, និងទី៤៖ ឈ្មោះ សាន វិចិត្រ អាយុ៤០ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន។
ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យ រួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន២៣កញ្ចប់, ម្សៅម៉ត់ពណ៌សសង្ស័យគ្រឿងញៀន២កញ្ចប់តូច ថ្នាំគ្រាប់ ពណ៌សលាយផ្កាឈូក១កញ្ចប់ មាន២គ្រាប់, កញ្ចប់ម្សៅផ្លាស្ទិច៤កញ្ចប់, ទូរស័ព្ទដៃចំនួន ៣គ្រឿង, ម៉ូតូហុងដាឌ្រីមសង់ សេ125 ពណ៌ខ្មៅ បិទស្កុត លាយទឹកប្រាក់មួយគ្រឿង, ក្រដាសប្រាក់ដុល្លារ និងប្រាក់រៀលមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញក្រុងច្បារមន ឃាត់ខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលក្រុងច្បារមន ដើម្បីបន្តនីតិវិធីច្បាប់ ៕
ដោយ៖ អរុណរះ