ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានរៀបចំធ្វើតេស្តទឹកនោមរកសារធាតុញៀនទៅលើថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យដែលបម្រើការងារនៅសាលាខេត្តសៀមរាប ចំនួន២៩៤នាក់ ស្រី១១៣នាក់ ដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏សូមកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃរដ្ឋបាលខេត្តសៀមរាប ដែលជាខេត្តទី៦ ដែលបានចូលរួមអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយស្ម័គ្រចិត្តធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ និងទទួលបានលទ្ធផលអវិជ្ជមាន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ៖ ការណ៍នេះ បានបង្ហាញពីភាពស្អាតស្អំ និងគំរូដ៏ល្អប្រសើរសម្រាប់សង្គម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ឱ្យអស់ចេញពីកម្ពុជា ។
ពាក់ព័ន្ធចំណាត់ការគ្រឿងញៀន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានបញ្ជាក់ថា ៖ ប្រសិនបើមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាអ្នកបម្រើប្រជាពលរដ្ឋបើមិនសំអាតខ្លួនឯងមិនស្អាត តើប្រជាពលរដ្ឋរំពឹងអ្វី។
ការបញ្ជាក់ជាថ្មីបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់បញ្ហាគ្រឿងញៀន គឺមិនមែនមានតែកម្ពុជានោះទេ គឺនៅទូទាំងពិភពលោក ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងប្រទេស ដោយបានដាក់ចេញនូវវិធានការជាច្រើន។ ហើយកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសបង្កើតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្មី ដែលមានឧបនាយករដ្ឋមន្ត្រីចំនួន៤រូប ជាប្រធាន និងអនុប្រធាន។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ៖ ក្រោយពេលបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ មន្ត្រីកិច្ចជំនាញបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំជាច្រើនកន្លែង ដោយរឹបអូសគ្រឿងញៀន និងសារធាតុគីមីផ្សំរាប់តោន ព្រមទាំងឃាត់ខ្លួនមនុស្សជាច្រើនផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានដាក់បទបញ្ជា គឺអត់មានការយោគយល់ចំពោះមន្ត្រីរាជការណា ឱ្យតែមានរកឃើញពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន គឺបណ្តេញចេញពីក្របខ័ណ្ឌ មិនគិតថាអ្នកឯងជាអ្នកណាទេ កាលខ្ញុំនៅជាមេបញ្ជាការកងទ័ពជើងគោក ខ្ញុំបានដាក់គោលការណ៍នៅសាលាយោធាបណ្តេញចេញអត់មានយោគយល់ទេ …. អីឡូវចាប់ផ្តើមពីអាជ្រុងហ្នឹង គឺយកពីមន្ត្រីរដ្ឋាភិបាលតែម្តង ធ្វើហើយកុំឱ្យចូលវិញ ហើយចាប់ផ្តើមជ្រុងផ្សេងៗទៀត បើមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកបម្រើរាស្ត្រ អ្នកអនុវត្តន៍ច្បាប់ខ្លួនឯងអត់ស្អាតផង តើយើងទៅរំពឹងស្អី អញ្ចឹងគ្រឿងញៀនេះត្រូវចាប់ផ្តើមមុន»៕
ដោយ ៖ សិលា