ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសំពៅលូន ឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលនាំពលរដ្ឋលួចឆ្លងដែនខុសច្បាប់ ចូលទៅក្នុងទឹកដីថៃ

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ បុរស​ម្នាក់​ ដែលជាមេខ្យល់នាំពលរដ្ឋលួចឆ្លងដែនខុសច្បាប់ ចូលទៅក្នុងទឹកដីថៃ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុក​សំពៅ​លូន​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ 

ករណី​ឃាត់ខ្លួន​មេខ្យល់​ខាងលេីនេះ​ បានធ្វេីឡេីង​នៅថ្ងៃទី២៦ ខែមីនាម្សិលមិញនេះ​ នៅចំណុចភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញនគរបាលស្រុកសំពៅលូន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដឹកនាំដោយលោ​កវរ​សេនីយ៍ទោ ទឹម វិឆ័យ ​អធិការនគរបាលស្រុកសំពៅលូន បានចុះបង្រ្កាបទប់ស្កាត់ករណី ការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (បម្រុងចូលទៅក្នុងប្រទេសថៃ) ០១លើក ប្រព្រឹត្តឡើងដោយជនសង្ស័យម្នាក់ ឈ្មោះ ហៀង ភាព ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន) បានធ្វើសកម្មភាពទាក់ទងនាំពលករចំនួន ១៧នាក់ នាំឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ  ឆ្លងអូរព្រំដែនតាមច្រករបៀង ក្នុងភូមិសាស្រ្តស្រុកសំពៅលូន ដោយយកប្រាក់ថ្លៃជូនក្នុងម្នាក់ ២០០០បាត (ពីរពាន់បាត) និង៤០០០បាត (បួនពាន់បាត) មកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ហៀង ភាព បានឆ្លើយសារភាពថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល០៧ព្រឹក ខ្លួនពិតជាបានទទួលពលករចំនួន ១៧នាក់ តាមរយៈឈ្មោះ គា ភេទប្រុស អាយុប្រហែល ២៩ ឆ្នាំ មានទីលំនៅចំណុចគីឡូ១២ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង និងបាននាំចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ប្រាកដមែន ចំពោះពលករក្នុងម្នាក់ខ្លួនយកប្រាក់ពីពួកគេថ្លៃធ្វើដំណើរ និងជូន ២០០០បាត (ពីរពាន់បាត) និង៤០០០បាត (បួនពាន់បាត), ការនាំឆ្លងកាត់អូរព្រំដែនកម្ពុជា-ថៃ ចូលទៅក្នុងប្រទេសថៃ ខ្លួនបានចាត់ចែងឲ្យឈ្មោះ ថា ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ, ឈ្មោះ ណុប ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង និងឈ្មោះ រត្ន័ ភេទប្រុស អាយុប្រហែល៣០ ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំពោះប្រាក់គឺខ្លួនទទួលពីតៃកុងឡានថៃ យកមកឲ្យឈ្មោះ គា ។ ខ្លួនបានធ្វើការទទួលពលករមកពីខេត្តផ្សេងៗនាំឆ្លងដែនចូលទៅក្នុងប្រទេសដោយខុសច្បាប់ឲ្យឈ្មោះ គា រយៈពេលមួយឆ្នាំជាងមកហើយ មកដល់បច្ចុប្បន្ននេះ ។ 

 បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖