ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួ​នជនសង្ស័យចំនួន០៤នាក់ ករណីរក្សាទុក​ ចែកចាយ​ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​

ចែករំលែក៖

ខេត្ត​បាត់ដំបង៖​ យោង​តាម​របាយការណ៍​របស់​កម្លាំងនគរបាលក្រុងបាត់ដំបង​ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី​៣០​ ខែមីនា​ ឆ្នាំ​២០២៤នេះថា៖​ ជនសង្ស័យប្រុសស្រីចំនួន០៤នាក់ ត្រូវ​បា​នឃាត់ខ្លួនយកមកសាកសួរ​ ពាក់ព័ន្ធ​ករណីរក្សាទុក​ ចែកចាយ​ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ ពីរករណីផ្សេងគ្នា​។ 

ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង កាលពីថ្ងៃទី២៩ ខែមីនាម្សិលមិញនេះ​ បានដឹកនាំ​កម្លាំង​ចុះល្បាតក្នុងមូលដ្ឋាន បង្ក្រាបករណីរក្សាទុក​ ចែកចាយ​ និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ ០២ករណីផ្សេងគ្នា​ ក្នុងបទល្មើសជាក់ស្តែង។

 កិច្ចប្រតិបត្តិការទី០១ វេលាម៉ោង១៤ និង៣០នាទី នៅចំណុចទីលានចាក់សំរាម ក្រុមទី២៤ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបានករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។ ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រិទ្ធ ចាន់ធី ហៅពុយ ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖ 

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១០ថង់ ។

-ទូរស័ព្ទដៃចំនួន ០២គ្រឿង ។

-សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀន០១ចំនួន និងសំភារៈសម្រាប់រំលែកថ្នាំញៀនលក់០១ចំនួន ។

 កិច្ចប្រតិបត្តិការទី០២ វេលាម៉ោង១៥ និង០០នាទី នៅចំណុចទីលានចាក់សំរាម ក្រុមទី២៤ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបានករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។

ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ១.ឈ្មោះ ឃឹម ដាលីន ភេទស្រី អាយុ ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នខេត្តប៉ៃលិន, ២.ឈ្មោះ ហូ ស្រីនិច ហៅកា ភេទស្រី អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និង៣. ឈ្មោះ យក្ស យ៉ត ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖ 

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ។

-ទូរស័ព្ទដៃចំនួន ០១គ្រឿង ។

-សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀន០១ចំនួន ។

-កាបូបស្ពាយចំហៀងចំនួន០១ ។

 បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖