នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នាព្រឹកថ្ងៃទី៣ ខែមេសា ស្ថានទូតអុីរ៉ង់ប្រចាំនៅស៊ីរី បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនមិនត្រូវបានជូនដំណឹងអំពីការវាយប្រហារនេះទេ។
យោងតាម CNN ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ Robert Wood បានរំលឹកឡើងវិញនូវការព្រមានពីមុនទៅកាន់ប្រទេសអុីរ៉ង់ និងកងកម្លាំងប្រូកស៊ីរបស់ខ្លួនមិនឱ្យ “ទាញយកផលប្រយោជន៍ពីស្ថានភាព” ដើម្បីសងសឹកប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកបានចោទប្រកាន់កងកម្លាំងគាំទ្រដោយអុីរ៉ង់ថាបានធ្វើការវាយប្រហារប្រឆាំងនឹងទាហានអាមេរិកដែលឈរជើងនៅឈូងសមុទ្រ រួមទាំងការបាញ់ផ្លោងដែលបានសម្លាប់ទាហានអាមេរិកបីនាក់នៅក្នុងប្រទេសហ្ស៊កដានី។ បន្ទាប់មក ទីក្រុងវ៉ាស៊ីនតោនបានសងសឹកជាមួយនឹងការវាយប្រហារតាមអាកាសរាប់សិបលើកទៅលើគោលដៅនៅក្នុងប្រទេសស៊ីរីនិងអុីរ៉ាក់ទាក់ទងនឹងកងឆ្មាំបដិវត្តន៍អុីរ៉ង់ (IRGC) និងកងកម្លាំងពាក់ព័ន្ធ។
ទន្ទឹមនឹងនោះ យោងតាមរដ្ឋាភិបាលអុីរ៉ង់ ការវាយប្រហារដែលបានធ្វើឡើងកាលពីថ្ងៃទី ១ ខែមេសា បានសម្លាប់ឧត្តមសេនីយ៍២នាក់ និងទីប្រឹក្សាយោធា ៥ នាក់របស់ប្រទេសនេះ។ នេះក៏ជាការវាយប្រហារដ៏ធំបំផុតមួយ សំដៅលើផលប្រយោជន៍អុីរ៉ង់នៅក្នុងប្រទេសស៊ីរី ដែលអុីស្រាអែលបានបង្កើនយុទ្ធនាការដ៏យូររបស់ខ្លួនប្រឆាំងនឹងអុីរ៉ង់។
អុីរ៉ង់អះអាងថា មានសិទ្ធិឆ្លើយតបនឹងការវាយប្រហារខាងលើរបស់អុីស្រាអែល ដោយចោទអុីស្រាអែលថាបានបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងការរំលោភបំពានលើទីតាំងការទូត និងកុងស៊ុល៕
ដោយ៖ ធីរីណា(រូបថត៖ Al Jazeera)