ភ្នំពេញ ៖ សំណុំរឿងម៉ែយ៉ែមស្តុកទុកក្មេងស្រី”អនីតិជន” សម្រាប់បម្រើផ្លូវភេទ តុលាការសម្រេចហើយឃុំខ្លួនម្តាយក្មេក ចំណែកកូនប្រសាតំណាងអយ្យការអនុញ្ញាតឲ្យទៅផ្ទះប្រកបមុខ របររកស៊ីទទួលទានជាធម្មតាវិញ ។
លោក ឆៃ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានសម្រេចចេញដីកាបង្គាប់ឃុំខ្លួនម៉ែយ៉ែមម្នាក់ឈ្មោះ សុខ គឹមហេង ភេទស្រី អាយុ៦៩ ឆ្នាំ មុខរបរ នៅផ្ទះ ដាក់ពន្ធនាគារ PJ “ពន្ធនាគាររាជធានីភ្នំពេញ”ជាបណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការផ្តន្ទាទោសទៅតាមបទល្មើសដែលជនសង្ស័យបានប្រព្រឹត្ត ។
ដីកាបង្គាប់ឲ្យឃុំខ្លួនត្រូវបានដាក់ឲ្យជនសង្ស័យស្ថិតក្រោមការត្រួតពិនិត្យពីបទ.សញ្ចារកម្មទាក់ទងនឹងពេស្យាចារកុមារ ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីអំឡុងខែមករា រហូតដល់ដល់អំឡុងខែមីនា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា២៨ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ។ ចំណែកស្រ្តីម្នាក់ដែលជាកូនប្រសា ហើយត្រូវសមត្តកិច្ចចាប់ខ្លួនក្នុងរង្វង់ប្រតិបត្តការ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញអនុញ្ញាតឲ្យទៅផ្ទះវិញ សំអាងហេតុមិនជាប់ពាក់ព័ន្ធបទល្មើសជួញដូរផ្លូវភេទនោះទេ ។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ កម្លាំងសមត្តកិច្ចនគរបាលជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ សហការជា មួយគណៈបញ្ជាការឯកភាពខណ្ឌ ៧មករា បានឆ្មក់បង្ក្រាបទីតាំងបម្រើសេវាផ្លូវភេទមួយកន្លែង ឃាត់ខ្លួនស្ត្រី២ នាក់ម្តាយក្មេកនិងកូនប្រសា ដែលគេនិយាយថាជាម៉ែយ៉ែម និងរំដោះនារី៩ នាក់ ក្នុងនោះមាន៨នាក់ជាអនីតិជន ពាក់ព័ន្ធករណីប្រព្រឹត្តអំពើសញ្ចារកម្ម ផ្លូវភេទ ។
ជនសង្ស័យម្នាក់ឈ្មោះ សុខ គឹមហេង ជាម្ចាស់ផ្ទះជួលលេខ ៣១៨ E1 ជាម្តាយក្មេក និងម្នាក់ឈ្មោះ ឌួង សុធី ជាកូនប្រសា ម្ចាស់ផ្ទះជួល ៣២០ E1z ផ្លូវ១២៨ មហាវិថីកម្ពុជាក្រោម ភូមិ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលផែនការងារជំនាញ និងលោកវរសេនីយ៍ទោ ហាក់ លី នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងមានការសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ក្រោមការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជ្ញារង នៃអយ្យការអមសាលារាជធានីភ្នំពេញ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ម្ដាយក្មេកនិងកូនប្រសា ដែលជាម្ចាស់ទីតាំង និងបានរំដោះនារីរងគ្រោះចំនួន៩ នាក់ ស្ថិតនៅអាស័យដ្ឋានខាងលើនេះ ។
ការឆ្មក់បង្ក្រាបទីតាំងស្តុកនារីបម្រើសេវាផ្លូវភេទខាងលើនេះ ត្រូវបានមន្ត្រីនគរបាលមូលដ្ឋានបង្ហើបឲ្យដឹងថា មានប្រជាពលរដ្ឋដែលរស់នៅជិតខាងទីនោះបានរាយការណ៍ថា រយៈពេលជាង៣ខែកន្លងមក គេសង្កេតឃើញផ្ទះម៉ែយ៉ែមម្នាក់ដូចមានឈ្មោះខាងលើ មានមនុស្សចេញចូលៗញឹកញ៉ាប់ ពិសេសក្មេងស្រីៗស្រស់ស្អាត ដែលគួរឲ្យសង្ស័យ ។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នោះភ្លាមសមត្ថកិច្ចនគរបាលមូលដ្ឋាន បានរាយការណ៍ទៅការិ យាល័យជំនាញ ដើម្បីដាក់កម្លាំងចូលស៊ើបអង្កេតនិងស្រាវជ្រាវ ទើបដឹងថា ទីតាំងនោះពិតជាមានស្តុកទុកនារីស្រស់ស្អាតអាយុក្រោម១៨ ឆ្នាំ សម្រាប់បម្រើផ្លូវភេទ លុះពេលស៊ើបដឹងព័ត៌មានច្បាស់លាស់ហើយ សមត្តកិច្ចក៏បានស្នើសុំការអនុញ្ញាតពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះទៅត្រួតពិនិត្យនិងធ្វើឆែកឆេរទីតាំងនោះ រហូតឃាត់ខ្លួនម្តាយក្មេក និងកូនប្រសាព្រមទាំងរំដោះនារីរងគ្រោះ៩ នាក់ ។ មន្ត្រីនគរបាលបង្ហើបឲ្យដឹងទៀតថា នារីវ័យក្មេងទាំងអស់នោះភាគច្រើនគេនាំមកពីខាងខេត្ត ស្វាយរៀង ហើយត្រូវបានគេលក់ព្រហ្មចារីឲ្យទៅភ្ញៀវអ្នកមានប្រាក់ (តាតា) ដើម្បីបន្ធូអារម្មណ៍ ដំបូងចាប់ពីតម្លៃពី៥.០០០ ដុល្លារ, ១.០០០ដុល្លារ,៥០០ដុល្លារ,៤០០ដុល្លា និងធ្លាក់ដល់២០០ ដុល្លារអាមេរិក ដែលប្រាក់បានមកពីអំពើសញ្ចារកម្មដោយខុសច្បាប់នោះ គឺម៉ែយ៉ែមជាអ្នកបែងចែក ។ តែនេះជាព័ត៌មានមិនទាន់ជាផ្លូវការនៅឡើយទេ ព្រោះសមត្តកិច្ចកំពុងដុតដៃដុតជើងសួរយកចម្លើយជនសង្ស័យ២ នាក់ម្តាយក្មេក និងកូនប្រសា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ។ ចំណែកនារីរងគ្រោះទាំង៩ នាក់ត្រូវបានសមត្តកិច្ចបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ ។
ជុំវិញព័ត៌មានដែលលោកចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនសង្ស័យ”ម៉ែយ៉ែម”ជាម្តាយក្មេក និងតំណាងអយ្យការបានអនុញ្ញាតឲ្យកូនប្រសាទៅផ្ទះវិញ អ្នកនាំពាក្យខាងអយ្យការ ក៏ដូចជាអ្នកនាំពាក្យខាងសាលាដំបូងរាជធានីភ្នំពេញ នៅមិនទាន់បានធ្វើសេចក្តីប្រកាសព័ត៌មានជាផ្លូវការនៅឡើយទេ ប្រហែលជាប់រវល់ការងារស្នូលច្រើន ៕
ដោយ ៖ រ៉ារ៉ា