អ្នកចាត់ការលោក Unai Emery បាននិយាយកាលពីថ្ងៃសុក្រថា ខ្សែបម្រើប្រយុទ្ធរបស់ Aston Villa កីឡាករ Jacob Ramsey ត្រូវបានច្រានចោលសម្រាប់រដូវកាលនេះ ដោយសាររបួសម្រាមជើង ខណៈដែលខ្សែប្រយុទ្ធអង់គ្លេស Ollie Watkins ត្រឡប់មកក្រុមវិញសម្រាប់ការប្រកួតចុងសប្តាហ៍នេះនៅឯផ្ទះជាមួយក្រុម Brentford។
លោក Emery បានបន្ថែមថា អ្នកចាំទី Emi Martinez ដែលបានខកខានការចាញ់ ៤–១ កាលពីថ្ងៃពុធនៅឯក្លិប Manchester City ដោយសារតែជំងឺ ក៏បានត្រឡប់មកក្រុមវិញដែរ។
បុរសសញ្ជាតិអេស្ប៉ាញរូបនេះបានប្រាប់អ្នកយកព័ត៌មានថា “Jacob Ramsey មានបញ្ហាមួយចំនួននៅម្រាមជើងរបស់គាត់ម្តងទៀត គាត់នឹងមិនមានសម្រាប់រដូវកាលដែលនៅសល់។ Emi និង Ollie ត្រូវបានបញ្ចូលក្នុងក្រុមសម្រាប់ថ្ងៃស្អែក យើងនឹងរៀបចំសម្រាប់ការប្រកួតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយនៅថ្ងៃស្អែកយើងនឹងដឹងថាតើពួកគេមានហើយឬក៏អត់សម្រាប់ការប្រកួត”។Watkins ដែលបានខកខានការធ្វើដំណើរទៅកាន់ Man City ជាមួយនឹងរបួសសរសៃពួរ គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេក្នុងលីគជាមួយនឹង១៦គ្រាប់។ Aston Villa ស្ថិតនៅលេខរៀងទី៤ដោយមាន៥៩ពិន្ទុពីការប្រកួត៣១ប្រកួតដែលមាន២ពិន្ទុនាំមុខក្រុម Tottenham Hotspur ដែលមានមួយប្រកួតក្នុងដៃ។ រីឯ Brentford ឈរនៅលេខ១៥មាន២៨ពិន្ទុ ឈ្នះ៦ពិន្ទុពីលើតំបន់កាត់ចោល។លោក Emery បានបន្ថែមថា “យើងកំពុងធ្វើផែនការដែលយើងបានរៀបចំនៅពេលខ្ញុំមកដល់ទីនេះ។ ដើម្បីរួមបញ្ចូលពួកយើងនៅក្នុងក្រុមដែលឥឡូវនេះជាគូប្រជែងដើម្បីស្ថិតក្នុងតំណែងកំពូលទាំង៧ក្នុងតារាងគឺពិបាកខ្លាំងណាស់។ យើងអាចសម្រេចបានវាដូចដែលយើងកំពុងធ្វើឥឡូវនេះ ប៉ុន្តែដើម្បីឱ្យមានភាពជាប់លាប់ក្នុងរយៈពេលយូរគឺជាការលំបាក។ នោះគឺជាគោលបំណងរបស់ខ្ញុំ យើងកំពុងព្យាយាមក្លាយជាគូប្រជែងច្រើនជាងយើងពីមុន”៕
ដោយ៖ ភារៈ