ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ែន បូណា ៖ កម្ពុជា ប្រទេសតូចតែអាចធ្វើបានយ៉ាងល្អគួរឱ្យមោទនៈ

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជាឈរលំដាប់ទី១ក្នុងតំបន់អាស៊ាន និងទី៣ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេទាំង២០ក្នុងតំបន់អាស៊ី ជាមួយកំណើនសេដ្ឋកិច្ច ៦,១% ក្នុងឆ្នាំ២០២៤។ នេះគឺជាចំណាត់ថ្នាក់ស្តីពីកំណើនសេដ្ឋកិច្ចដែលចេញផ្សាយដោយស្ថាប័នស្ថិតិឥណ្ឌូនេស៊ី Seasia stats ដោយយោងលើមូលដ្ឋាននៃការព្យាករណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ នេះជាការបញ្ជាក់ដោយលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ។

លទ្ធផលបែបនេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែ វាគឺជាផ្លែផ្កានៃការដាក់ចេញគោលនយោបាយ ការដឹកនាំនិងចាត់ចែងបានល្អរបស់រាជរដ្ឋាភិបាលដែលជាចន្ទល់នៃកំណើនសេដ្ឋកិច្ចដោយមិនអាចប្រកែកបាន។ គេនៅចាំបានថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជាធ្លាប់មានកំណើនសេដ្ឋកិច្ចខ្ពស់និងថេរក្នុងរង្វង់៧% រយៈពេលរាប់ទសវត្សរ៍។ នេះគឺជាកាលានុវត្តភាពដែលជំរុញឱ្យកម្ពុជាស្គាល់ការអភិវឌ្ឍយ៉ាងលឿនរហ័ស បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញដោយនយោបាយឈ្នះឈ្នះនាឆ្នាំ១៩៩៨។ 

កូវីដ-១៩ បានចូលមកបង្អាក់និងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកទាំងមូលយ៉ាងគំហុកដែលគ្មាននរណានឹកស្មានដល់។ កម្ពុជាក៏មិនអាចចៀសផុតពីផលប៉ះពាល់នៃវិបត្តិសុខភាពសាធារណៈដ៏មហន្តរាយនេះដែរ។ ប៉ុន្តែ ក្រោមការចាត់ចែងនិងដឹកនាំដ៏ឆ្លាតវៃរបស់ប្រមុខដឹកនាំដែលពោរពេញដោយបទពិសោធន៍ រាជរដ្ឋាភិបាលបានកាត់បន្ថយផលប៉ះពាល់ឱ្យនៅកម្រិតទាបជាងទំហំនៃមហន្តរាយពិត និងបានអូសទាញប្រទេសនិងប្រជាពលរដ្ឋឱ្យចាកចេញពីកូវីដ-១៩ជាបណ្តើរៗបានយ៉ាងឆាប់រហ័សជាងបណ្តាប្រទេសនានាជាច្រើននៅក្នុងតំបន់ក៏ដូចជាក្នុងពិភពលោក។ 

ទោះបីជាវិបត្តិកូវីដ-១៩ និងផលប៉ះពាល់ពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែននៅតែមានឥទ្ធិពលទៅលើសេដ្ឋកិច្ចពិភពលោកក្តី ក៏រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញដំណើរយ៉ាងស្វាហាប់ប្រកបដោយថាមពលក្លៀវក្លានិងចក្ខុវិស័យយ៉ាងច្បាស់លាស់។ ប្រមុខរាជរដ្ឋាភិបាលវ័យក្មេងរបស់កម្ពុជាបានប្រកាសដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ប្រកបដោយមហិច្ឆតាឆ្ពោះទៅសម្រេចគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ 

ដើម្បីសម្រេចគោលដៅនេះ កម្មវិធីគោលនយោបាយអាទិភាព៦ចំណុចត្រូវបានប្រកាសឱ្យអនុវត្តជាបន្ទាន់ ដោយគ្រប់ចំណុចទាំងអស់សុទ្ធតែជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាពិសេសពលរដ្ឋក្រីក្រនិងងាយរងហានិភ័យ។ ទន្ទឹមនឹងនោះ «ការទូតសេដ្ឋកិច្ច»ក៏ជានយោបាយការបរទេសដ៏សំខាន់មួយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដោយផ្តោតទៅលើការទាក់ទាញវិនិយោគនិងទេសចរណ៍។ នយោបាយសេដ្ឋកិច្ចទាំងក្នុងនិងក្រៅប្រទេសត្រូវបានអនុវត្តយ៉ាងសកម្ម។

សរុបទៅ កម្ពុជាគឺជាប្រទេសតូចមែនតែពិតជាអាចធ្វើបានយ៉ាងល្អគួរឱ្យមោទនៈ។ ងើបពីកូវីដ-១៩ ភ្លាម កម្ពុជាមានកំណើនសេដ្ឋកិច្ចស្ទុះងើបឡើងយ៉ាងលឿនលើសគេក្នុងអាស៊ាន។ លទ្ធផលដ៏ល្អបែបនេះមិនអាចសម្រេចបានឡើយប្រសិនបើគ្មានថ្នាក់ដឹកនាំខ្លាំងពូកែនិងប្រសិនបើគ្មានគោលនយោបាយត្រឹមត្រូវប្រកបដោយចក្ខុវិស័យច្បាស់លាស់ទេនោះ៕

ដោយ ៖ សិលា


ចែករំលែក៖