ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ៖ ក្រសួងផែនការមានតួនាទីសំខាន់ ជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅក្នុងការសម្របសម្រួល ការរៀបចំផែនការយុទ្ធសាស្រ្ដអភិវឌ្ឍជាតិ ផែនការវិនិយោគសារធារណៈ ការងារអត្ដសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ការងារលើកកម្ពស់អាហាររូបត្ថម្ភ ការងាររៀបចំនិងគ្រប់គ្រងប្រព័ន្ធទិន្នន័យជាតិនិងផលិត និងផ្សព្វផ្សាយស្ថិតិជាតិលើវិស័យចម្បងៗដែលរួមមានស្ថិតិប្រជាសាស្រ្ដ សេដ្ឋកិច្ច សុខភាព សង្គមកិច្ច និងកសិកម្មសម្រាប់ក្រសួង ស្ថាប័ននានាប្រើប្រាស់ក្នុងការរៀបចំផែនការអភិវឌ្ឍ និងការតាមដានត្រួតពិនិត្យតាមវិស័យរបស់ខ្លួន និងការងារប្រជាជន និងការអភិវឌ្ឍ។
ការលើកឡើងខាងលើរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពេលដែលសម្ដេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។
ជាមួយគ្នានេះ សម្ដេចធិបតីបានបន្ដថា ៖ ក្រសួងផែនការគឺជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅក្នុងការរៀបចំ និងសម្របសម្រួលការងារ ក្នុងផែនការអន្តរជាតិជាច្រើនទៀត រួមមាន៖ ការងារគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ការងារពង្រឹងនិងតាមដានការអនុវត្ដកម្មវិធីសកម្មភាពនៃសន្និសិទអន្ដរជាតិស្ដីពីប្រជាជននិងការអភិវឌ្ឍ ការងាររៀបចំចាកចេញរបស់កម្ពុជាពីចំណាប់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួច នៅក្នុងនោះសាលាជាតិផែនការ និងស្ថិតិ គឺជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្សដ៏មានសារៈសំខាន់លើវិស័យផែនការ ស្ថិតិ និងវិទ្យាសាស្រ្ដ ដែលស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងផែនការត្រូវបង្កើន សមត្ថភាព មន្រ្តីរបស់ខ្លួនជាប់ជាប្រចាំជាប់មិនដាច់ សម្រាប់ការងារអង្កេត ជំរឿនចាំបាច់នានា ជាពិសេសគឺ សមត្ថភាពផលិតទិន្នន័យ និងប្រែក្លាយទិន្នន័យឲ្យទៅជាព័ត៌មានលម្អិតជាក់លាក់ គ្រប់គ្រាន់ទាន់ពេល និង មានគុណភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការ សម្រាប់រាជរដ្ឋាភិបាល ប្រើប្រាស់ទាន់ពេលក្នុងការវាយតម្លៃ ស្ថានភាពកំពុងកើត ការវិភាគបញ្ហា និងការឆ្លើយតប ការលើកផែនការសម្រាប់អនាគតចំគោលដៅជាដើម ផងដែរ៕
ដោយ ៖ សិលា