ទីក្រុងហ្សឺណែវ ៖ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤- ក្រុមប្រឹក្សាសិទ្ធិមនុស្សបានបញ្ចប់សម័យប្រជុំលើក ទី៥៥ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំ សរុបចំនួន៥៧ ព្រមទាំងបានអនុម័តសេចក្តីសម្រេចសរុបចំនួន ៣៤ ស្តីពីបញ្ហាតាមប្រធានបទ និងប្រទេសជាក់លាក់។
ក្នុងអំឡុងកិច្ចប្រជុំរយៈពេល៦សប្តាហ៍ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុង ហ្សឺណែវ បានឡើងថ្លែងបទអន្តរាគមន៍ សរុបចំនួន១១ លើក បង្ហាញពីសមិទ្ធផលនិងវឌ្ឍនភាព របស់កម្ពុជា លើទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្តែង ក្នុងការលើកកម្ពស់និង ការពារសិទ្ធិមនុស្សគ្រប់ប្រភេទ មានដូចជា សិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ រួមទាំងសិទ្ធិអភិវឌ្ឍន៍ ។
គណៈប្រតិភូកម្ពុជាក៏បានចូលរួមចំណែកក្នុងកិច្ចពិភាក្សានានាស្តីពីការពង្រឹងរបៀបរបបការងារ របស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស និងក្រុមប្រឹក្សាសិទ្ធិមនុស្ស ព្រមទាំងប្រធាន បទស្តីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសមួយផងដែរ។
ខាងក្រោមនេះគឺជាខ្លឹមសារសំខាន់ៗ ដកស្រង់ចេញពីបទអន្តរាគមន៍របស់កម្ពុជា៖
• សន្តិភាពគឺជាសិទ្ធសំខាន់ស្នូល ដែលកំណត់លក្ខខណ្ឌការទទួលបានសិទ្ធិពលរដ្ឋ នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងការសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយចីរភាព។ ក្រោយសង្គ្រាមស៊ីវិលអូសបន្លាយពេលអស់៣ទសវត្សរ៍ កម្ពុជាផ្តល សារសំខាន់ខ្លាំងបំផុតលើសន្តិភាព។ កម្ពុជាគាំទ្រទស្សនៈដែលថា សន្តិភាពគឺជាបំណងប្រាថ្នាដ៏ខ្ពស់បំផុត និងថ្លៃថ្នូរបំផុតរបស់មនុស្សជាតិ ដែលត្រូវតែថែរក្សាការពារជាដាច់ខាត។
• សម្រាប់បរិបទសកលលោកបច្ចុប្បន្ន កម្ពុជាសង្កត់ធ្ងន់នូវភាពចាំបាច់នៃកិច្ចសន្ទនាដោយ សន្តិវិធី និងជំរុញឱ្យជៀសវាងសកម្មភាពដែលអាចបង្កឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។ ជម្លោះប្រដាប់អាវុធត្រូវតែបញ្ចប់ដើម្បីរក្សាការពារភាពថ្លៃថ្នូរ និងមនុស្សជាតិទាំងអស់។ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងទំនុកចិត្តទៅវិញទៅមករវាងរដ្ឋនិងរដ្ឋត្រូវតែពង្រឹង ខណៈយន្តការអនុវត្តអន្តរជាតិដែលរឹងមាំ ត្រូវតែធានាឱ្យបាន។ ដូចដែលបុព្វកថានៃ ធម្មនុញ្ញអង្គការសហប្រជាជាតិ បានចែងថា យើងត្រូវតែ “រូបរួមកម្លាំងគ្នា ដើម្បីរក្សាសន្តិ ភាព និងសន្តិសុខអន្តរជាតិ”។
សិទ្ធិមនុស្សនិងការអភិវឌ្ឍមិនអាចកើតមានបានឡើយ នៅពេលដែលសន្តិភាពរងការគំរាម កំហែងឬស្ថិតក្នុងសភាពផុយស្រួយ។ អាស្រ័យហេតុនេះ កម្ពុជាបានប្តេជ្ញាចិត្តលើកកម្ពស់ សន្តិភាពនិងសន្តិសុខនៅទូទាំងពិភពលោក។ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សា សន្តិភាពចំនួន ៩.២៨១ នាក់ ក្នុងនោះ កងកម្លាំងជាស្ត្រីមានចំនួន៧៦២នាក់ ទៅកាន់ បេសកកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីការពារអាយុជីវិតជនស៊ីវិលនៅក្នុងប្រទេស ចំនួន៩ និងដើម្បីរក្សាសន្តិភាពនិងសន្តិសុខក្នុងតំបន់ជម្លោះ។
• ដោយសារមានសុខសន្តិភាពនិងស្ថិរភាព កំណើនប្រចាំឆ្នាំរបស់កម្ពុជាមានជាមធ្យម ៧% ក្នុងចន្លោះឆ្នាំ២០០៥ និងឆ្នាំ ២០១៩។ ក្នុងរយៈពេលដូចគ្នានេះ ភាពក្រីក្រត្រូវបានកាត់ បន្ថយពី៥០% មកត្រឹម ៩% ។ ជាលទ្ធផល កម្ពុជាបានផ្លាស់ប្តូរពីប្រទេសចំណូលទាប មកជាប្រទេសចំណូលមធ្យមកម្រិតទាប។ គួរឱ្យរីករាយ ការពិនិត្យវាយតម្លៃថ្នាក់ជាតិ បង្ហាញថា ភាគច្រើននៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧ រួមទាំងគោលដៅ ទី១៨ របស់កម្ពុជាក្នុងការបោសសម្អាតមីន កំពុងមានវឌ្ឍនភាពល្អ បើទោះជាមានភាពមិន ច្បាស់លាស់នៃសេដ្ឋកិច្ចសកល។
• ការចូលរួមរបស់កម្ពុជាក្នុងយន្តការត្រួតពិនិត្យតាមកាលកំណត់ (UPR) ទាំងបីជុំកន្លងមក នេះ បានរួមចំណែកពង្រឹងប្រព័ន្ធការពារសិទ្ធិមនុស្សជាតិ និងការសម្រេចបានការអភិវឌ្ឍ ប្រកបដោយចីរភាពលើវិស័យជាច្រើន ក្នុងនោះរួមមាន សេចក្តីព្រាងច្បាប់ចុងក្រោយស្តីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ការកាត់បន្ថយភាពក្រីក្រ ភាពគ្របដណ្តប់លើវិស័យ ថែទាំសុខាភិបាលកាន់តែល្អប្រសើរ កិច្ចការពារនិងលើកកម្ពស់សិទ្ធិរបស់ជនងាយរងគ្រោះ និងជនជាតិដើមភាគតិច កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការជួញដូរមនុស្ស និងសិទ្ធិពលរដ្ឋនិងនយោបាយកាន់តែប្រសើរ។
សូមអានខ្លឹមសារទាំងស្រុង ពី “សមិទ្ធិផល និងវឌ្ឍនភាពរបស់កម្ពុជា ក្នុងវិស័យសិទ្ធិមនុស្ស ត្រូវបានបង្ហាញជូនសម័យប្រជុំលើកទី៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស”ដូចខាងក្រោម ៕
ដោយ ៖ សិលា