ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់ អំពីផលប៉ះពាល់ដែលអាចកើតមានពីករណីឧបទ្ទហេតុនៃការលេចធ្លាយសារធាតុគីមី អាស៊ីដស៊ុលផួរិច ៣០តោនចូលក្នុងស្ទឹងណាម ខាន់ ដៃទន្លេមេគង្គ ក្នុងប្រទេសឡាវ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងធនធានទឹក និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ អំពីផលប៉ះពាល់ដែលអាចកើតមានពីករណីឧបទ្ទហេតុខាងលើ មកលើគុណភាពទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា និងធ្វើការជូនដំណឹងបន្ថែម ក្នុងករណីចំបាច់។

ក្រសួង​ធនធាន​ទឹក​ បានបញ្ជាក់ថា​ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ កម្ពុជាបានទទួលនូវព័ត៌មានបឋមពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ជម្រាបមកប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ អំពីឧបទ្ទហេតុនៃការលេចធ្លោយចូលក្នុងស្ទឹងណាម ខាន់ (Nam Khan River) ស្ថិតនៅក្នុងក្រុងហ្លួងប្រាបាង នៃខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលមកពីឧបទ្ទហេតុនៃការក្រឡាប់ រថយន្តដឹកសារធាតុគីមី នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ ស្ទឹងណាម ខាន់ ជាដៃ ទន្លេមេគង្គ ហូរចាក់ចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ហើយមានចម្ងាយពីព្រំប្រទល់កម្ពុជា-ឡាវ ដល់ទីនោះ ប្រមាណ ១ ៣៧០គម ខាងលើក្រុងប៉ាក់សេ ប្រមាណ ១ ២២០គម និងខាងលើរដ្ឋធានីវៀងចន្ទន៍ ប្រមាណ ៥០០គម។ នៅ ខាងក្រោមទីក្រុងហ្លួងប្រាបាង ចម្ងាយប្រមាណ ១២០គម មានទំនប់វារីអគ្គិសនី សាយ៉ាបូរី នៅលើដងទន្លេមេគង្គ។

តាមការជូនដំណឹងពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សារធាតុគីមីដែលកំពប់នោះ គឺអាស៊ីដស៊ុលផួរិច ដែលមានបរិមាណសរុបប្រហែល ៣០តោន តែហូរចូលក្នុងទឹកមិនទាំងអស់ទេ។ ករណីនេះ នាយកដ្ឋានបរិស្ថានឡាវ បាន សហការជាមួយការិយាល័យក្រុងហ្លួងប្រាបាង អនុវត្តវិធានការត្រួតពិនិត្យដើម្បីឆ្លើយតបទៅនឹងស្ថានភាពខាងលើនេះ។

ដោយសារការចាត់វិធានការរបស់អាជ្ញាធរ និងផ្នែកជំនាញពាក់ព័ន្ធរបស់ឡាវ និងដោយផ្អែកលើលទ្ធផលនៃការចុះ ពិនិត្យអង្កេតជាក់ស្តែងដោយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងស្ថាប័នជំនាញពាក់ព័ន្ធរបស់ឡាវ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បង្ហាញថា ពុំមានផលប៉ះពាល់ដល់គុណភាពនៃស្ទឹងណាម ខាន់ និងទន្លេមេគង្គ ដែលបង្កឡើងដោយឧបទ្ទហេតុ នៃការក្រឡាប់រថយន្តដឹកសារធាតុគីមីនោះទេ។ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បាននិងកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីពិនិត្យតាមដានវាយតម្លៃជាបន្ត ដើម្បីធានាដល់កិច្ចការពារបរិស្ថាន និងសុខភាពសាធារណៈរបស់ ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ។

ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ អំពីផលប៉ះពាល់ដែលអាចកើតមានពីករណីឧបទ្ទហេតុខាងលើ មកលើគុណភាពទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា និងធ្វើ ការជូនដំណឹងបន្ថែម ក្នុងករណីចំបាច់។​ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប តាមការគួរ៕

ដោយ​៖ តារា​


ចែករំលែក៖