ភ្នំពេញ៖ នៅអគ្គមបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ព្រឹកថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗ ខាងមុខនេះ។
សូមជម្រាបជូនថា : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសផ្តល់រង្វាន់សម្រាប់ខេត្តណា ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាពេលខាងមុខ។ ការថ្លែងនេះ ធ្វើឡើង ខណៈសម្ដេចធិបតី អញ្ជើញជាអធិបតី ភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “សូមចូលរួមសប្បាយដោយទទួលខុសត្រូវ សុំកុំលេង ឬបង្កសកម្មភាពអ្វីដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ពិសេសកុំបើកបរ ហើយផឹកគ្រឿងស្រវឹង។ បើសិនសង្ក្រាន្តឆ្នាំនេះ អត់មានគ្រោះថ្នាក់ចរាចរណ៍ជាការល្អបំផុត។ ខេត្តមួយៗ បើយក សូចនាករគ្រោះថ្នាក់ចរាចរណ៍តិចបំផុតមកប្រកួតប្រជែងគ្នា ក៏ជាការល្អដែរ។ ហើយបើខេត្តណា អត់មានគ្រោះថ្នាក់ចរាចរណ៍ សូន្យ កត់ឱ្យសុក្រឹត គឺចាំមកទទួល… មានរង្វាន់ពីនាយករដ្ឋមន្ត្រីទៀត”។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យរួមគ្នារៀបចំលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនក្នុងពិធីបុណ្យចូលឆ្នាំថ្មី។ សម្តេចធិបតី ណែនាំដល់យុវជនកុំលេងអ្វី ដែលនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមានការអត់ធ្មត់ និងយោគយល់គ្នាឱ្យបានខ្ពស់ពេលប៉ះពារគ្នាពេលលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការព្រួយបារម្ភរឿង “សង្ក្រាន្ត” ជារឿងមួយត្រឹមត្រូវ អត់ខុសនោះទេ។ កិច្ចការពារសម្បត្តិវប្បធម៌ជារឿងធំណាស់សម្រាប់រាជរដ្ឋាភិបាលរាប់អាណត្តិមកហើយ។ កម្ពុជានៅតែមានសិទ្ធិប្រើប្រាស់ពាក្យ “សង្ក្រាន្ត” ទោះបីថៃចុះពាក្យនេះ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក៏ដោយ។ ឆ្នាំនេះការរៀបចំសង្ក្រាន្តឆ្នាំថ្មីឱ្យកាន់តែសប្បាយនៅតាមខេត្តនានា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល ត្រៀមចុះបេតិកភណ្ឌរូបិយចំនួន ៧ទៀត ជាមួយគ្នានេះ សម្តេចបានណែនាំឱ្យក្រសួងរៀបចំឯកសារដាក់ពាក្យ “សង្ក្រាន្ត” ក្នុងបញ្ជីបេតិកភណ្ឌអរូបិយ នៅឆ្នាំក្រោយ។
សូមបញ្ជាក់ថា តាមបណ្ដារាជធានី ខេត្ត ក៏ដូចជាអង្គភាពស្ថាប័ននានារបស់រដ្ឋ បានរៀបចំតុបតែង ដើម្បីចូលរួមទទួលទេវតាថ្មី និងលេងល្បែងប្រជាប្រិយ ៕
ដោយ ៖ សុខ ខេមរា