ព័ត៌មានទាន់ហេតុការណ៍៖

ស្វាកន្ទុយស មានឆោសស្រស់ស្អាត និងរស់នៅដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃទី១០​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ស្វាកន្ទុយស មានឆោសស្រស់ស្អាត និងរស់នៅដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី។ 

ក្រសួង​បរិស្ថាន​ បានបន្ថែមថា​ ស្វាកន្ទុយស ជាប្រភេទពានរដែលមានពណ៌សម្បុរស្រស់ស្អាត ដោយមានលក្ខណៈខុសប្លែកពីប្រភេទស្វាដទៃទៀត។ នៅកម្ពុជាដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី គឺជាទីតាំងដ៏សំខាន់មួយដែលបានគាំទ្រដល់ការរស់នៅរបស់សត្វស្វាកន្ទុយស។

គួរបញ្ជាក់ថា​ ស្វាកន្ទុយសគឺជាប្រភេទជិតផុតពូជបំផុតអាស្រ័យចំនួនវាមានការចុះជាលំដាប់។ការបរបាញ់ និងការបាត់បង់ទីជម្រកគឺជាកត្តាប្រឈមចម្បងរបស់អំបូរពានរនេះ។ 

គួរជម្រាបជូនថា​ អង្គការអេកូយុវទួត Wonders of the Mekong កន្លងទៅ​ធ្លាប់​បានផ្សាយព័ត៌មានផ្លូវការរបស់ខ្លួនថា សត្វស្វាកន្ទុយស ដែលស្ថិតនៅក្នុងប្រភេទសត្វកំពុងរងគ្រោះថ្នាក់ ត្រូវបានរកឃើញនៅតាមប្រទេសឡាវ វៀតណាម និង ប្រទេសកម្ពុជា។

ក្នុងនោះដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី ជាទីតាំងដែលសត្វស្វាប្រភេទនេះរស់នៅច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលធ្វើការអភិរក្សដោយអង្គការ WCS Cambodia ។ ប្រភេទសត្វពានរនេះ ធ្វើការរស់នៅជាក្រុមតាមដើមឈើខ្ពស់ៗ នៅក្នុងព្រៃស្រោង និង ព្រៃពាក់កណ្តាលស្រោង។

អង្គការ អេកូយុវទូតWonders of the Mekong បានបញ្ជាក់ទៀតថា សត្វស្វាកន្ទុយស នេះនៅពេលដែលមានអាសន្ន ឬក៏ការគំរាមកំហែងកើតឡើង វាតែងតែបន្លឺសំឡេងជាសញ្ញា ឱ្យគ្នាវាគេចរកន្លែងសម្ងំលាក់ខ្លួននៅលើចុងឈើខ្ពស់ៗ ៕

ដោយ​៖ តារា​


ចែករំលែក៖