ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តសៀមរាប ចេញសេចក្តីណែនាំ​ ១១ចំណុច​ ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តសៀមរាប នាឱកាសបុណ្យចូលឆ្នាំថ្មី

ចែករំលែក៖

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទ ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបថា៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុងសៀមរាប មន្ទីរ-អង្គភាព ដោយមានរៀបចំព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” ឆ្នាំ២០២៤ នៅទីតាំងសួនព្រះរាជដំណាក់ និងនៅតាម បណ្តោយដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ខេត្ត រហូតដល់ស្ពានវត្តដំណាក់ រួមទាំងមាន កម្មវិធីកម្សាន្តមួយចំនួនដូចជា៖ កម្មវិធីជិះទូកកម្សាន្ត តំបន់ត្រជាក់ស្រស់ស្រាយ ល្បែងប្រជាប្រិយខ្មែរ ពិធី សាសនា ពិព័រណ៍ម្ហូបអាហារ សម្តែងសិល្បៈបុរាណ ការប្រគំតន្ត្រី និងកម្មវិធីជាច្រើនផ្សេងៗទៀតផងដែរ។ ក្នុងន័យនេះ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តសៀមរាប ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើង នាឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវ និងណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទ ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន ដូចខាងក្រោម៖

១- រដ្ឋបាលក្រុង ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំដាក់ ចេញនូវផែនការជាក់ស្តែងនៅតាមមូលដ្ឋានរៀងៗខ្លួន និងណែនាំដល់អង្គភាពពាក់ព័ន្ធក្រោម ឱវាទដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងទីតាំងចំណត ផ្លូវថ្មើរជើង និងការបញ្ចៀសចរាចរណ៍នៅតាមបណ្តាផ្លូវនានាអំឡុងពេលប្រារព្ធពិធី 

២- ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាង គ្រោះថ្នាក់ផ្សេងៗ **

៣- ត្រូវចូលរួម និងផ្តល់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចយ៉ាប់ប្រាប់ថ្នាក់ឱ្យបាន, ល្អប្រសើរ

៤- ហាមដាច់ខាតលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

៥- ហាមឃាត់ការនាំចូល ចែកចាយ ទិញលក់ និងអុជផាវ ឬគ្រឿងផ្ទុះគ្រប់ប្រភេទដែលអាច បង្កឱ្យមានការគ្រោះថ្នាក់ និងភ្ញាក់ផ្អើល បង្កអសន្តិសុខ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ

៦- ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សាបាននូវទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដ៏ទៃ

៧- ហាមឃាត់ការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ឬប៉ាតម្សៅ និងការវាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗចំពោះបងប្អូនប្រជាពលរដ្ឋដែល កំពុងធ្វើដំណើរគ្រប់ប្រភេទក្រៅពីតំបន់ដែលបានអនុញ្ញាត

៨- ត្រូវពិនិត្យលទ្ធភាពតុបតែងលម្អទាំងផ្នែកខាងក្នុង និងខាងក្រៅគេហដ្ឋាន ឬអាជីវកម្ម របស់ខ្លួន ដោយបង្ហាញពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់ ខេត្តសៀមរាប ឬចងពាក្យស្លោក ជាដើម

៩- ចំពោះទីតាំងអាជីវកម្មនានា ឬការលក់ដូរ ឬតាំងបង្ហាញផលិតផលផ្សេងៗ ឬផ្ទាំងផ្សព្វផ្សាយ ពាណិជ្ជកម្ម ដែលមានការតបណ្តាញអគ្គិសនីតុបតែង ឬក្នុងគោលបំណងប្រើប្រាស់ ជាក់ស្តែងលើទីតាំងរបស់ខ្លួន ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់នូវលក្ខណៈ បច្ចេកទេស ជាពិសេសក្នុងអំឡុងពេលរៀបចំដំណើរការព្រឹត្តិការណ៍កម្មវិធីនានាក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឬពិនិត្យលទ្ធភាពផ្តាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ដើម្បី ចៀសវាងការកើតឡើងហេតុការណ៍ផ្សេងៗជាយថាហេតុ ឬឆ្លងចរន្តអគ្គិសនី

១០-ហាមដាច់ខាតការដាក់តាំងបង្ហាញផលិតផលអាជីវកម្មរបស់ខ្លួន នៅលើគំនូសផ្លូវថ្មើរជើង តាមបណ្តាផ្លូវនានាក្នុងក្រុងសៀមរាប

១១-លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងយុវជន យុវនារី ចូលរួមលេងល្បែងប្រជាប្រិយ ខ្មែរឱ្យបានច្រើនកុះករ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលក្រុង ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ និង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទ ភ្ញៀវជាតិ-អន្តរជាតិ និង សាធារណជន មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖