ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ កម្ពុជាត្រូវការអ្នកវិនិយោគវៀតណាម មកវិនិ យោគនៅប្រទេសកម្ពុជា បានច្រើនបន្ថែមទៀត ពិសេសនៅរាជធានីភ្នំពេញ ដើម្បីឱ្យសេដ្ឋកិច្ចនៃប្រទេសទាំង២មានភាពរីកចម្រើន ។
នេះជាការលើកឡើង របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោក និង លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ជួបសំណេះសំណាលជាមួយ លោក ម៉ាយ វាំង ហ្វិញ (MAI VAN HUYNH) ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត គៀនយ៉ាង ចូលរួមជូនពរ ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ វៀតណាមបានជួយរំដោះប្រទេសកម្ពុជាអោយចេញពីរបបប៉ុលពត ហើយបច្ចុប្បន្ននេះ កម្ពុជាមានការអភិវឌ្ឍរីកចម្រើនរុងរឿង ចំណែកប្រទេសវៀតណាមក៏មានមានសេដ្ឋកិច្ចប្រសើរឡើងផងដែរ ។ កម្ពុជានិងវៀតណាម មានសាមគ្គី ភាពគ្នារឹងមាំ ទោះក្នុងដំណាក់កាលណាក៏ដោយ ក៏នៅតែរួមសុខរួមទុក្ខជាមួយគ្នារហូត។ ខេត្តគៀនយ៉ាង បានចងសម្ព័ន្ធភាពសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ។ ការចងសម្ព័ន្ធមេត្រីភាពនេះ យើងបានពួនជ្រុំសាមគ្គីភាពរវាងទីក្រុងទាំងពីរកាន់តែមានភាពរឹងមាំ។ ជាធម្មតាប្រទេសទាំងពីរកម្ពុជាវៀតណាមឱ្យ តែមានពិធីបុណ្យចូលឆ្នាំថ្មីម្តងៗតែងតែចាត់ប្រតិភូអោយមកជូនពរគ្នាទៅវិញទៅមក មិនដែលខកខានឡើយ ។ នេះពិតជាបង្ហាញឲ្យឃើញពីទំនាក់ទំនងល្អនិងរឹងមាំរវាងប្រទេសទាំងពីរ។ យើងនឹងបន្តសាមគ្គីភាពរវាងប្រទេសទាំងពីរឲ្យកាន់តែគង់វង្ស រឹងមាំបន្ថែមទៀត ជាមួយនឹងការបន្តផ្សព្វផ្សាយឲ្យយុវជនជំនន់ ក្រោយបានដឹងនិងបន្តទំនាក់ទំនងជាប្រពៃណីល្អនេះបន្តទៅថ្ងៃអនាគត ដ៏យូរអង្វែងទៀត។
លោក ឃួង ស្រេង បានបន្តថា តាមគោលនយោបាយ រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃកម្ពុជាគឺបន្តពួនជ្រុំ មិត្តភាព រិតចំណងសាមគ្គីភាពជាមួយវៀតណាមអោយកាន់តែរឹងមាំនិងយូរអង្វែង ដើម្បីប្រយោជន៍នៃប្រជាជនទាំង២ កម្ពុជា-វៀតណាម។ ទន្ទឹមនឹងនេះ កម្ពុជាពិតជាត្រូវការអ្នកវិនិយោគវៀតណាម មកវិនិយោគនៅប្រទេសកម្ពុជាអោយបានច្រើនបន្ថែមទៀត ពិសេសនៅរាជធានីភ្នំពេញ។
លោក ម៉ាយ វាំង ហ្វិញ បានមានប្រសាសន៍លើកឡើងថា ការជួបសំណេះសំណាលនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ គឺដើម្បីបង្ហាញពីការពិការរិតចំណងសាមគ្គីភាព រវាងប្រទេសទាំង២ឱ្យកាន់តែរឹងមាំនិងខ្លាំងក្លាបន្ថែមទៀត ពិសេសរាជធានីភ្នំពេញនិងទីក្រុងគៀងយ៉ាង។ ជារៀងរាល់ឆ្នាំឱ្យតែមានពិធីបុណ្យចូលឆ្នាំថ្មីគឺប្រទេសទាំងពីរតែងចាត់ឱ្យប្រតិភូ ចុះសួរសុខទុក្ខនិងជូនពរគ្នាទៅវិញទៅមកជារៀងរាល់ឆ្នាំ។
លោក ម៉ាយ វាំង ហ្វិញ បន្តថា រាជធានីភ្នំពេញ ក្នុងប៉ុន្មានឆ្នាំក្រោយចុងក្រោយនេះ ពិតជាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសប្រទេសកម្ពុជា មានផ្លូវល្បឿនលឿន ដែលនេះពិតជាបង្ហាញឱ្យ ឃើញពីការដឹកនាំដ៏ល្អរបស់សម្ដេចហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីកម្ពុជានិងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបាននិងកំពុងអភិវឌ្ឍប្រទេសកម្ពុជាឲ្យរីកចំរើនរុងរឿងបន្ថែមទៀត៕
ដោយ ៖ សំរិត