ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្តីអំពាវនាវ ស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នាពេលខាងមុខនេះ ។

យោងតាម ការអំពាវនាវ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងនូវការកោតសរសើរប្រកបដោយក្តីមោទនភាព ជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកយ៉ាងផុសផុល រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាត ទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាពេលកន្លងទៅ។ ប៉ុន្តែតាមការកត់សម្គាល់ឃើញថាគ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោក តែងមានកំណើនខ្ពស់ នៅរាល់ឱកាសពិធីបុណ្យផ្សេងៗ ដែលបានបណ្តាលឱ្យមាន កំណើនជនរងគ្រោះជាអតិបរមា និងមានការខូចខាតទ្រព្យសម្បត្តិជាច្រើន។ ភាគច្រើននៃគ្រោះថ្នាក់ចរាចរណ៍ នេះ បណ្តាលមកពីការបើកបរយានយន្តមិនគោរពច្បាប់ ឬធ្វេសប្រហែសដូចជា បើកបរលើសល្បឿនកំណត់ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរពសិទ្ធិអាទិភាពជាដើម។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំរោង ឆស័ក ពស.២៥៦៧ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃ ទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់ ដើម្បីបង្ការ និង ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកតាមវិធានការដូចខាងក្រោម៖

១-ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ គ្រប់ ពេលវេលា។

២-មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត និងបន្ថយល្បឿន ឬឈប់នៅផ្លូវប្រសព្វ។ ៣-មិនត្រូវបើកបរក្រោយពេលពិសារគ្រឿងស្រវឹង និងជាដាច់ខាតមិនប្រើប្រាស់គ្រឿងញៀន ។

៤-ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។

៥-ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។

៦-មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។

៧-ត្រូវត្រួតពិនិត្យលក្ខណបច្ចេកទេសយានយន្តជាប្រចាំ ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វាំង ភ្លើងបំភ្លឺ។ល។

៨-សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវ ផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងដាក់ឥវ៉ាន់សំពីងសំពោង និងសូមមេត្តាកុំដំឡើងថ្លៃ ធ្វើដំណើរក្នុងឱកាសនេះ។

៩-មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។

១០-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ។

១១-មិនត្រូវលេងគប់ទឹក ឬប៉ាតម្សៅដល់អ្នកប្រើប្រាស់ផ្លូវ។

យោងតាមសេចក្តីអំពាវនាវនេះ បានបញ្ចាក់ថា សូមបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបាន ខ្ជាប់ខ្ជួន ដើម្បីថែរក្សាការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ការពារទ្រព្យ សម្បត្តិឯកជន និងរបស់រដ្ឋ និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង ដែល កំពុងតែមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានសេចក្តីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវ គ្រប់រូបក្នុងការចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយអនុវត្តតាមសេចក្តីអំពាវនាវនេះប្រកប ដោយស្មារតីយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ សំដៅនាំមកនូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងសេចក្តីសុខ សប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ និងបន្តជារៀងរហូតទៅ ៕

ដោយ៖ សូរិយា


ចែករំលែក៖