ភ្នំពេញ ៖ សារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់
នៅក្នុងឱកាសដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៥កើត ថ្ងៃអាទិត្យ ៦កើត ថ្ងៃចន្ទ ៧កើត និងថ្ងៃអង្គារ ៨កើតខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា គ.ស.២០២៤ ខាងមុខនេះ
តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការទូទាំងប្រទេស និងក្នុងនាមរូបខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមសម្តែងនូវសេចក្តីសោមនស្សរីករាយនិងអំណរសាទរយ៉ាងក្រៃលែង និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមសមប្រកបដោយបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ កាយពលរឹងមាំខ្លាំងក្លា សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរតរៀងទៅ។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតប្រកបដោយកតញ្ញូតាធម៌និងកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលកាលនៅជានាយករដ្ឋមន្ត្រីបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធប្រកបដោយគតិបណ្ឌិតដ៏មហស្ចារ្យ ក្នុងការដឹកនាំនាវាកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាបុព្វបទដ៏សំខាន់ក្នុងការអភិវឌ្ឍ និងការកែទម្រង់
រដ្ឋស៊ីជម្រៅលើគ្រប់វិស័យប្រកបដោយភាពស៊ីចង្វាក់គ្នា ដែលមានអភិបាលកិច្ចល្អជាស្នូលដ៏រឹងមាំ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព សំដៅលើកកម្ពស់កិត្យានុភាពជាតិ ការថែរក្សាសុខសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្ស ការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស ការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ការស្វែងរកវ៉ាក់សាំង និងការចាក់វ៉ាក់សាំងជូនប្រជាជននៅទូទាំងប្រទេស ការបន្សំប្រជាជនជាមួយនឹងការរស់នៅក្នុងគន្លងថ្មី ការបញ្ចៀសបាននូវហានិភ័យសង្គមដែលបង្កឡើង ដោយវិបត្តិជំងឺកូវីដ-១៩ ការប្រកាសបើកប្រទេស បើកសេដ្ឋកិច្ច សង្គម និងបើកវិស័យទេសចរណ៍ឡើងវិញ ការធ្វើ ជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងការរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងការអំពាវនាវដល់ ជនរួមជាតិយើងទាំងក្នុងនិងក្រៅប្រទេសឱ្យ ចូលរួមចំណែកក្នុងការបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ក្នុង យុទ្ធនាការឈានទៅបញ្ចប់សោកនាដកម្មដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ នៅលើទឹកដីដ៏កម្សត់របស់យើង នៅត្រឹមឆ្នាំ២០២៥ និងប្រជាជនជួបប្រទះនូវឧបទ្ទវហេតុគ្រោះមហន្តរាយនានា ជាពិសេស ការធ្វើជាប្រធានអាស៊ាន ប្តូរវេន នាចុងឆ្នាំ២០២២ ដែលមានបទពិសោធចាស់ទុំ មានទេពកោសល្យខ្ពស់ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលធ្វើឡើងដោយទម្រង់ផ្ទាល់នៅកម្ពុជា បានដំណើរការទៅ យ៉ាងរលូន ទទួលបានលទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ គឺសុទ្ធតែជាសមិទ្ធផលដ៏ធំធេង ដែលកើតចេញពីការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងជាទីមោទនៈបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ជាពិសេស ក្នុងការបន្តដឹកនាំ ស្ថាប័នព្រឹទ្ធសភា។
ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី បុណ្យបារមីដែលថែរក្សាប្រាង្គប្រាសាទអង្គរ ជាពិសេស ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព្រះនាម មហោទរាទេវី សូមព្រះអង្គតាមជួយថែរក្សាការពារ អភិបាល ប្រោះព្រំ នូវសព្ទសាធុការពរជ័យគ្រប់ប្រការចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង ក្រុមគ្រួសារជាទីស្រឡាញ់ និងសូមសមប្រកបទៅដោយពុទ្ធពរនិងពរដ៏ប្រសើរថ្លៃថ្លាទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់និង គារវភក្តិដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំនិងភរិយា៕
ដោយ ៖ សិលា