ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗខណ:ជិះម៉ូតូយ៉ាងលឿនរេចង្កូតទៅបុកជាមួយនឹងបង្គោលភ្លើងយ៉ាងពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង០៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ មេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនរងគ្រោះខាងលើនេះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GM-8604 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សីដោយមិនបានពាក់មួកសុវត្ថិភាព បើកបរក្នុងល្បឿនលឿនដូចហោះក្នុងទិសដៅពីលិចទៅកើត ហើយក៏បានរេចង្កូតទៅបុកជាមួយបង្គោលភ្លើងមួយដើមបណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌទួលគោកចុះមកធ្វើការវាស់វែងនិងយកសពទៅតម្កល់ទុកដើម្បីស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សុខាសែនជ័យ