ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលមរណភាពនៅវេលាម៉ោង ៥និង៤០ នាទី ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយរោគាពាធ។
សពរបស់លោកនឹងតម្កល់ទុកធ្វេីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ១ ផ្លូវ ៥ A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មរណភាពលោកសាស្រ្តាចារ្យ បានធ្វើអោយមានការតក់ស្លុតជាខ្លាំងពីសំណាក់មហាជនទូទៅ ពិសេសនិស្សិតបញ្ញាវន្តខ្មែរ ដែលធ្លាប់បានរៀន និងទទួលបានការបណ្តុះបណ្តាលពីលោកសាស្ត្រាចារ្យ ។
តាមបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកនេះ ក៏បានចែករំលែកដំណឹងមរណភាពនេះ និងបានភ្ជាប់នូវខ្លឹមសាររំលែកទុក្ខ និងសោកស្តាយ ហើយចាត់ទុកថា នេះជាការបាត់បង់នូវធនធានបញ្ញវន្តខ្មែរ ផ្នែកប្រវត្តិសាស្ត្រ មួយរូប ដែលលោកបានបន្សល់ទុកស្នាដៃជាច្រើន។
សូមវិញ្ញាណក្ខន្ធលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បានទៅកាន់សុគតិភព🙏🙏🙏។
លោក ឆាយ សុផល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្ទាល់ខ្លួនថា ៖ មុនឡើងយន្តហោះនៅថ្ងៃនេះ ខ្ញុំឆ្លៀតមកអុជធូប លារៀមច្បង សំបូរ ម៉ាណ្ណារ៉ា សាស្ត្រា ចារ្យ ប្រវត្តិ សាស្ត្រ នៅគេហដ្ឋានរបស់លោក។
កន្លងមក យើងទាំងពីរក៏ដូចជាគ្រូបង្រៀនដ៏ទៃទៀតបានរួមគ្នាសាបព្រួសពុទ្ធិដល់មនុស្សជាច្រើន ទាំងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ព្រមទាំងនៅសាលានិងស្ថាប័នផ្សេងៗទៀត។
ការលាចាកទៅរបស់រៀមច្បងគឺជាការបាត់បង់មូលធនមនុស្សម្នាក់ដែលពិបាកនឹងបរិយាយ។
សូមវិញ្ញាណក្ខន្ធរៀមច្បងទៅឱ្យបានសុខចុះ៕
ដោយ ៖ សិលា