ខេត្តសៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា ខេត្តសៀមរាបជាតំបន់ទេសចរមួយដ៏មានសក្តានុពលនៃព្រះរាជាណាចក្រកម្ពុជា និងជាខេត្តមួយដែលមានការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័ស ដូច្នេះវិស័យសុខាភិបាល ពិសេសការងារផ្តល់សេវាសុខភាពត្រូវរត់តាមការវិវត្តន៍នៃសង្គមនិងសេដ្ឋកិច្ចនៃខេត្តនេះផងដែរ ។ នៅមុនឆ្នាំ ២០០០ ថ្វីត្បិត តែមានការវិវត្តន៍ឈានឡើងជាបណ្តើរៗក៏ដោយ ក៏លទ្ធភាពនៃការផ្តល់សេវា គុណភាពនៃសេវា អត្រាប្រើប្រាស់សេវា និង ហេដ្ឋារចនាសម្ព័ន្ធនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតក្នុងស្ថានភាពមួយដែលមានកម្រឹតបំផុត និងមិនមានភាពប្រសើរនៅឡើយ ។
រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់បញ្ចកោណទី១ គឺជាការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងភាពធន់ ។ មូលធនមនុស្ស មានសុខភាពល្អ និងគុណភាពខ្ពស់ គឺជាទ្រព្យសកម្មជាតិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។
ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៥ ដែលរាជរដ្ឋាភិបាលផ្តោតលើ សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោត លើការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា៕
ដោយ៖ តារា