ភ្នំពេញ ៖ សម្តេចធីបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេស នាឱកាសពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក
សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។
នៅក្នុងសុន្ទរកថានាព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរ ចំពោះ UN-ESCAP សម្រាប់ការជ្រើសរើសមូលបទដែលសមស្របបំផុតនាពេលនេះ ស្តីពី “ការប្រើ ប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» និងបាន គូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់នវានុវត្តន៍ឌីជីថលក្នុងការអភិវឌ្ឍដោយចីរភាព បរិយាប័ន្ន និងប្រកបដោយ ភាពធន់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានរំលេចពីការប្តេជ្ញារបស់សម្តេច ចំពោះបរិវត្តកម្មឌីជីថលនៃ រដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដូចបានឆ្លុះបញ្ចាំងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ និងក្របខ័ណ្ឌគោលនយោបាយជាតិពាក់ព័ន្ធផ្សេងទៀត។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងកិច្ច សហប្រតិបត្តិការតំបន់ និងអន្តរជាតិ ក្នុងបរិការណ៍នៃបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសង្ឃឹមថា UN-ESCAP នឹងអាចកៀរគរកិច្ចប្រឹងប្រែងប្រកបដោយការ សហការដ៏រឹងមាំ ដើម្បីទាញយកផលប្រយោជន៍នៃបដិវត្តន៍ឧស្សាហកម្មទី៤ សម្រាប់ការអភិវឌ្ឍដោយ ចីរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីភាពចាំបាច់នៃ បច្ចេកវិទ្យាឌីជីថលសម្រាប់ការដោះមីន និងការបោសសំអាតកាកសំណល់ជាតិផ្ទះសល់ផុសង្រ្គាមក្រកម្ពុជា ដែលនៅតែជាឧបសគ្គសម្រាប់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា និងប្រទេសផ្សេងទៀត។
ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពី ការធ្វើជា ម្ចាស់ផ្ទះរៀបចំសន្និសីទត្រួតពិនិត្យលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ក្រោមប្រធានបទ «កិច្ចប្រជុំកំពូល សៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន នៅថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីគាំទ្របុព្វហេតុសកលលោក ដែលគ្មានមីន និងការចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
នាឱកាសនៃសម័យប្រជុំប្រចាំឆ្នាំនេះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានជួបប្រជុំ ជាមួយ លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការ សហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃ UN-ESCAP និងបានផ្លាស់ប្តូរទស្សនៈលើបញ្ហានានា ពាក់ព័ន្ធនឹងការអភិវឌ្ឍ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ UN-ESCAP សម្រាប់ការ គាំទ្រកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងលើវិស័យដោះមីន និងបញ្ជាក់ជាថ្មីម្តងទៀតអំពីការប្តេជ្ញាចិត្ត របស់កម្ពុជា ចំពោះភាពជាដៃគូជាមួយ UN-ESCAP ក្នុងការលើកកម្ពស់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព៕
ដោយ ៖ សុខ ខេមរា