ខេត្តបាត់ដំបង៖ កាណូតស្មាច់ចំនួន ០៤គ្រឿង និងឧបករណ៍បទល្មើសនេសាទខុសច្បាប់ជាច្រើនត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបន្តចុះបង្ក្រាប ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខណៈជនល្មើសបានរត់គេចខ្លួនមុនពេល។ នេះបេីយោងតាមប្រភពព័ត៌មានពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការនគរបាលស្រុកឯកភ្នំ កាលពីម្សិលមិញនេះ បានចុះបង្រ្កាបបទល្មើសនេសាទ ០១លើក នៅចំណុចក្រឡុកអាសារ៉ាយ ស្ថិតនៅក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុក ឯកភ្នំ ខេត្តបាត់ដំបង មានចូលរួមកម្លាំងចំរុះសរុបចំនួន ១០នាក់ ។ សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ០៣គ្រឿង ។
ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន រួមមានដូចខាងក្រោម៖
-កាណូតស្មាច់ចំនួន ០៤គ្រឿង
-អាំងវិចទ័រឆក់ត្រី ០៦គ្រឿង
-អាគុយ ៤០អំពែ ០៦គ្រឿង
-ដងសម្រាប់ឆក់ត្រី ០៦គូរ
-ត្រី ៣០គីឡូក្រាម ។
គួរបញ្ជាក់ថា ចំពោះករណីខាងលើនេះ ជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕
ដោយ៖ តារា