ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិ​ បានស្ដារត្រពាំងទឹកចំនួន៦នៅក្នុងដែនជម្រកសត្វព្រៃលំផាត់​ រួចរាល់ដើម្បីឱ្យសត្វព្រៃបានផឹកទឹកនិងទីជម្រក នៅរដូវប្រាំង

ចែករំលែក៖

ភ្នំពេញ​ ៖​ មានត្រពាំងទឹកចំនួន៦នៅដែនជម្រកសត្វព្រៃលំផាត់ក្នុងឆ្នាំ២០២៤នេះត្រូវបាន អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)សហការជាមួយមន្ទីរបរិស្ថានខេត្តរតនគិរីនិងមណ្ឌលគិរីធ្វើការស្តារដើម្បីសត្វព្រៃបានផឹកទឹក និងរកចំណីអាហារនារដូវប្រាំង។

    បេីតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា​ បានឱ្យដឹងថា ការស្តារត្រពាំងនេះធ្វើឡើងក្នុងគោលបំណងដើម្បីរក្សាទីជម្រកសមស្របសំរាប់សត្វជិតផុតពូជ(ដូចជាត្រយងយក្ស ត្រយងចង្កំកស…)និងរក្សាទឹកសំរាប់សត្វព្រៃនិងសត្វពាហនះស្រុកក្នុងរដូវប្រាំង។

    ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា​ ការជីកស្តារនេះត្រូវធ្វើដោយសហគមន៍ប្រម៉ាណជា៦០នាក់និងមិនប្រើគ្រឿងចក្រដើម្បីកាត់ការបន្ថយការរំខានដល់សត្វព្រៃនិងជីវចម្រុះ។ ត្រពាំងនីមួយៗត្រូវស្តារក្នុងទំហំមាត់លើ៣០ម៉ែត្រគុណ២០ម៉ែត្រ និងមានទំរង់ដូចជាឆ្នាំងខ្ទះពោលគឺជំរៅដេញពី៣០ទៅ៧៥សង់ទីម៉ែត្រ។កំដៅក្តៅខ្លាំង និងស្ថានដីបាតត្រពាំងមានសភាពរឹងនិងថ្មគឺជាកត្តាប្រឈមដែលប្រជាសហគមន៏បានជួបប្រទះក្នុងពេលជីកស្តារ តែទោះជាយ៉ាងណាត្រពំាងទាំង៦ត្រូវបានជីស្តាររួចរាល់នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។

   សូមរំលឹកថា ដែនជម្រកសត្វព្រៃលំផាត់ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យក្នុងឆ្នាំ១៩៩៣ គ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៥ ម៉ឺនហិកតា។ ក្នុងនោះប្រហែល៨០ភាគរយ ស្ថិតនៅក្នុងខេត្តរតនគិរី និងចំនួន ២០ភាគរយ ទៀតនៅក្នុងខេត្តមណ្ឌលគិរី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖