ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ផ្ញើលិខិតចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងសោកស្ដាយជាពន់ពេក ចំពោះមរណភាពរបស់ឧត្តមសេនីយ៍ទោ សេង សំណាង នាយករងទីចាត់ការបុគ្គលិក អគ្គ បញ្ជាការ ត្រូវជាស្វាមីរបស់លោកជំទាវ លឹម ថាវី ដែលបានទទួលមរណភាព នៅវេលា ម៉ោង១២:១៥នាទី ថ្ងៃពុធ ១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦០ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុត ចំពោះមរណភាពរបស់ឧត្តមសេនីយ៍ទោ សេង សំណាង ដែលជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវធនធានមនុស្សមួយរូបក្នុងកងយោធពលខេមរភូមិន្ទ បានរួមចំណែកធ្វើពលិកម្ម គ្រប់បែបយ៉ាងប្រកបដោយឆន្ទៈ មនសិការដ៏មោះមុត និងបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងបុព្វហេតុជាតិ មាតុភូមិ។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធឧត្តមសេនីយ៍ទោ សេង សំណាង បានចាប់បដិសន្ធិ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា