ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌបានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៦នាក់ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃនិងហិង្សាដោយចេតនា (យកដុំឥដ្ឋការ៉ូឡា គប់កញ្ចក់រថយន្តខាងមុខ) យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៦នាក់ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ និងហិង្សាដោយចេតនា (យកដុំឥដ្ឋការ៉ូឡាគប់ កញ្ចក់រថយន្តខាងមុខ) ប្រព្រឹត្តល្មើសនៅចំណុចផ្លូវបេតុង ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។
លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនមានចំនួន០៦នាក់ រួមមាន៖ ១-ឈ្មោះ យឹម សុខហេង ហៅ ហេង ភេទ ប្រុស, ២-ឈ្មោះ កង សុជាតិ ភេទប្រុស, ៣-ឈ្មោះ ថេត សូរិយា ភេទ ប្រុស, ៤-ឈ្មោះ យ៉ុន ផានិត ភេទ ប្រុស, ៥-ឈ្មោះ រ័ត្ន រិទ្ធី ភេទ ប្រុស, ៦-ឈ្មោះ ហាន់ លីសៀង ភេទ ប្រុស។
សម្ភារចាប់យក៖ ម៉ូតូម៉ាក Suzuki next សេ១១០ ពណ៌ស សេ៊រីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ១KH-៧៨៥១។ សម្ភារខូចខាត៖ បែកកញ្ចក់រថយន្តខាងមុខ ចំនួន ០១ ផ្ទាំង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ កម្លាំងការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ អរុណរះ