ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ​ ហ៊ុន​ សែន​៖​ ប្រកាសឱ្យមាន«ចលនាជាតិ»គាំទ្រដល់គម្រោង«ព្រែកជីកហ្វូណនតេជោ»ឱ្យបាន ត្រូវតែជម្នះចំពោះការសាងសង់គម្រោងនេះ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៦ ខែមេសា​ ឆ្នាំ​២០២៤នេះ ប្រកាសឱ្យមាន«ចលនាជាតិ»គាំទ្រដល់គម្រោង«ព្រែកជីកហ្វូណនតេជោ» ដើម្បីសម្រេចបានគម្រោងនេះ។សម្រាប់សម្តេចកន្លងទៅ វិស័យដឹកជញ្ជូនរបស់កម្ពុជាវបានជួបការលំបាកដោយសារទំនិញមួយចំនួនពឹងផ្អែកកំពង់ផែវៀតណាម ហើយពេលខ្លះ វៀតណាមបង្កការលំបាកដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជាក៏មាន។​ ការប្រកាសបែបនេះ​របស់​សម្ដេច​ ធ្វើឡើងនាឱកាសសម្តេច អញ្ជើញ​ចូលរួម​ពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ា។

សម្ដេចតេជោ​ បានថ្លែង​បញ្ជាក់ថា​ ដូច្នេះសម្តេចត្រូវតែជម្នះចំពោះការសាងសង់គម្រោង«ព្រែកជីកហ្វូណនតេជោ»ឱ្យបាន។

សម្តេចតេជោ​ បានប្រកាសឱ្យក្រុមអ្នកឧកញ៉ានៅកម្ពុជា ត្រៀមចូលរួមជួយដល់ដំណើរការសាងសង់គម្រោង«ព្រែកជីកហ្វូណនតេជោ» ក្នុងករណីគម្រោងនេះមិនមានថវិកាពីក្រៅប្រទេស។

សម្តេចតេជោ ថ្លែងថា ព្រែកជីកហ្វូណនតេជោ ជាផ្លូវតភ្ជាប់ដោយផ្ទាល់ទៅកាន់សមុទ្យ ដោយមិនឆ្លងកាត់ប្រទេសដទៃ គឺមិនឆ្លងកាត់ប្រទេសវៀតណាម ដែលតម្រូវឱ្យមានការបង់ថ្លៃពេលឆ្លងកាត់ប្រទេសគេ។សម្រាប់សម្តេច ពេលដែលវៀតណាមស្រួលចិត្ត គេក៏ជួយសម្រួលដល់ការឆ្លងកាត់ទំនិញរបស់កម្ពុជា បើមិនស្រួលចិត្ត វៀតណាមគេក៏មិនសម្រួលឱ្យកម្ពុជា៕

ដោយ៖ តារា


ចែករំលែក៖