ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញក.ប.ប. បន្តដុតកំទេចចោលសាច់បង្កក​ និងគ្រឿងឧបភោគបរិភោគ ខូចគុណភាពប្រមាណជិត២០តោន

ចែករំលែក៖

ភ្នំពេញ៖ យោងតាម​ប្រភពព័ត៌មាន​ពី​អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខារាជធានីភ្នំពេញ​ បានឱ្យដឹងថា​ មន្ត្រីក.ប.ប.​បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ នាំយកផលិតផលគ្រឿងឧបភោគ បរិភោគ និងផលិតផលសាច់បង្កកហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាព ប្រមាណជិត២០តោនរួមមាន៖​ ទឹកម្ទេស ទឹកស៊ីអ៊ីវខាប់ ទឹកស៊ីអ៊ីវ ទឹកប៉ៅហឺ ប្រេងខ្យង ឈាមទា ជង្គង់មាន ត្រចៀកជ្រូក ជើងមាន់ អណ្តាតជ្រូក ពោះវៀនជ្រូក ។ល។ ទៅដុតកំទេចចោលនៅទីលានចាក់សំរាម ស្ថិតក្នុងខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី១ខែឧសភាឆ្នាំ២០២៤។ 

សូមជម្រាបថា​ សាខា ក.ប.ប. រាជធានីភ្នំពេញ ដោយមានការស្នើសុំកិច្ចសហការពីមន្ត្រីជំនាញគយចល័តតំបន់១ ប្រចាំរាជធានីភ្នំពេញ កាលពីចុងខែមេសាថ្មីៗនេះ​ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ក.ប.ប. ចុះត្រួតពិនិត្យលើទំនិញប្រហិតចម្រុះ (ហតដក ប្រហិតត្រីបន្ទះ ប្រហិតសាច់មឹក ប្រហិតសាច់មាន់ ប្រហិតដង្កៀបក្តាម) ចំនួន៨០កេសនិង១៦២បាវ ស្មើនឹង ៨,៦២០គីឡូក្រាម ដែលមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (គយចល័តតំបន់១) ឃាត់ទុក ហើយយកមករក្សាទុកនៅមណ្ឌលឃ្លាំងគយ ភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយឈ្មួញលួចនាំចូលដឹកតាមរថយន្តស៊ាំយ៉ុងចំនួន២គ្រឿង។ 

មន្ត្រីជំនាញ ក.ប.ប. បានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

– បានរកឃើញថា ទំនិញប្រហិតចម្រុះ ទាំងនោះ ត្រូវបានឈ្មួញទុច្ចរិត (បុគ្គលប្រព្រឹត្តិអំពើមិនសុចរិតក្នុងធុរកិច្ច) លួចបន្លំនាំចូលដោយពុំមានឯកសារដើម្បីបំពេញភាពអនុលោម និងគ្មានប្រភពច្បាស់លាស់ ដឹកតាមរថយន្តស៊ាំយ៉ុង ចំនួន ២គ្រឿង

– ការវេចខ្ចប់ (ច្រកដាក់ក្នុងការ៉ុង)  និងដឹកជញ្ជូនពុំត្រឹមត្រូវស្របតាមបទប្បញ្ញត្តិបច្ចេកទេស (កម្រិតសីតុណ្ហភាពពុំត្រឹមត្រូវ) ដែលនាំឱ្យទំនិញប្រហិតទាំងនោះប្រែប្រួលបាត់បង់គុណភាព 

យោងតាមលទ្ធផលនៃការត្រួតពិនិត្យនេះ មន្ត្រីជំនាញទាំង២ស្ថាប័នបានសម្រេច ធ្វើការដកហូតយកទៅបំផ្លាញចោលតាមនីតិវិធី នូវទំនិញប្រហិតចម្រុះទាំងនោះ

ដើម្បីកុំឱ្យមានការចរាចរចូលទីផ្សារ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ជាយថាហេតុ៕

ដោយ​៖ តារា​


ចែករំលែក៖