ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក នៅក្នុងឧស្សាហកម្មដំឡើងយានយន្ត

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងលើកទឹកចិត្តដល់ក្រុមហ៊ុននានាឱ្យបន្តពិនិត្យមើលសក្តានុពលកម្ពុជាបន្ថែមទៀត ជាពិសេសការនាំចូលសម្ភារៈឧបករណ៍សម្រាប់ដំឡើងយានយន្ត និងសូមពង្រីកលទ្ធភាពប្រើប្រាស់ផលិតផល និងវត្ថុធាតុដើមដែលមានស្រាប់ក្នុងស្រុកខ្មែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ ក្រុមហ៊ុនដំឡើងរថយន្តមួយគ្រឿងត្រូវការគ្រឿងបន្លាស់រាប់ពាន់មុខ ដូច្នេះសម្ដេចស្នើឱ្យមានការពិនិត្យមើលការបើកឱកាសដល់ក្រុមហ៊ុនក្នុងស្រុក ឬសិប្បកម្មផ្សេងៗ ដែលផលិតខ្ចៅខ្ចង ពូករថយន្ត និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត សម្រាប់ផ្គត់ផ្គង់ឱ្យក្រុមហ៊ុនខ្នាតយក្ខតូយ៉ូតានេះ ដោយមិនចាំបាច់នាំចូលពីខាងក្រៅប្រទេសនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុកវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជា ធ្លាប់ជាប្រទេសដែលនាំចូលគ្រប់មុខតែបច្ចុប្បន្នកម្ពុជា អាចផលិតផលដោយខ្លួនឯងនូវសម្ភារៈ និងផលិតផលនានា ជាក់ស្តែងកម្ពុជាអាចផលិតរថយន្តដើម្បីផ្គត់ផ្គង់ទីផ្សារ បើទោះបីមិនមែនជាក្រុមហ៊ុនរបស់កូនខ្មែរ ក៏ដោយ ប៉ុន្តែ ជាក្រុមហ៊ុនបរទេសដែលផលិតផលក្នុងប្រទេសកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងមានតម្លៃសមរម្យជូនប្រជាពលរដ្ឋខ្មែរ ចំណុចនេះជាអ្វីដែលរាជរដ្ឋាភិបាលចង់បាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ព្រោះបង្កើនជីវភាពរស់នៅរបស់ប្រជាជនមិនមែនបង្កើនតែប្រាក់បៀវត្សរ៍គាត់ទេ តែត្រូវរក្សានូវថ្លៃ ដើម្បីចំណាយរបស់គាត់នេះតិច គាត់មានលទ្ធភាពទិញបានច្រើន ហើយសល់លុយច្រើនសម្រាប់ធ្វើអីផ្សេង អ៊ឹចឹងការរក្សាអតិផរណាទីផ្សារក្នុង១ឆ្នាំ ប៉ុន្មានភាគរយ គឺសំខាន់ខ្លាំងណាស់»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រសិនបើក្នុង ១ឆ្នាំតម្លៃទំនិញឡើង៣០ ឬ៤០ភាគរយនោះ គឺលំបាកណាស់ ដូច្នេះ សម្រាប់ប្រាក់បៀវត្សរ៍ គឺរាជរដ្ឋាភិបាល តែងតែគិតគូរនៅក្នុងការដំឡើងទៅតាមលទ្ធភាព និងខិតខំផលិតផលនានាជូនដល់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើនិយាយពីការអភិវឌ្ឍ គឺមិនមែននិយាយតែមួយជ្រុងនោះទេ ដើម្បីផ្គុំគ្នាចេញជាលទ្ធផលជូនប្រជាពលរដ្ឋ។ ដោយឡែកសម្រាប់ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នឹងបានផលជាច្រើនជូនដល់សេដ្ឋកិច្ច និងប្រជាពលរដ្ឋខ្មែរ សំខាន់លើកម្ពស់នូវផលិតភាព លើកកម្ពស់កិត្យានុភាព និងផ្តល់នូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖