ព័ត៌មានទាន់ហេតុការណ៍៖

មើលពីលើអាកាស ទេសភាពជួរភ្នំក្រវាញខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុងដ៏ស្រស់បំព្រង !

ចែករំលែក៖

ខេត្តកោះកុង ៖ មើលពីលើអាកាស ទេសភាពជួរភ្នំក្រវាញខេត្តកំពង់ស្ពឺ ខេត្តធិ៍សាត់ ខេត្តកោះកុងដ៏ស្រស់បំព្រង ! ហើយ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបង្ហោះរូបទាំងនោះជាច្រើនសន្លឹកផងដែរ ។ 

សូមបញ្ជាក់ថា ៖ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលជាតំបន់សក្តានុពលពិសេសសម្រាប់អ្នកទេសចរណ៍បែបផ្សងព្រេងគួរតែសាកល្បង។ តំបន់ដែលមានចំងាយប្រមាណ២៥គីឡូម៉ែត្រពីទីរួមស្រុកថ្មបាំង មានទឹកធ្លាក់ស្រស់ស្អាត សត្វព្រៃជាច្រើនប្រភេទដែលរួមមានក្រពើភ្នំ ទេសភាពតាមព្រៃភ្នំដ៏គួរឱ្យទាក់ទាញ និងក្រវាញ រួម ទាំង ការកែច្នៃស្រាចេកជាដើម។

សហគមន៍អេកូទេសចរណ៍តាទៃលើជាអ្នកគ្រប់គ្រងលើតំបន់ទេសចរណ៍ទាំងនេះដែលមានភូមិសាស្ត្រគ្រប ដណ្តប់ លើ ភូមិកណ្តាល ភូមិស្ពានក្តារ និងភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។

សូមរំលឹកបន្តិចថា ៖ ខេត្តកោះកុងគឺជាផ្នែកមួយនៃឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលដែលមានផ្ទៃដីទំហំប្រមាណជាង បួន សែនហិកតា (៤០១.៣១៣) ហិកតា ហើយគ្រប់ដណ្តប់ខេត្តចំនួនបីរបស់កម្ពុជាគឺកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ។ ឧទ្យានជាតិនេះ ត្រូវបាន ទទួល ស្គាល់ ដោយ អនុក្រឹត្យ របស់ រាជរដ្ឋាភិបាល កម្ពុជា កាល ពី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦តាមសំណើរបស់ក្រសួងបរិស្ថាន។

ការបង្កើតឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលនេះមានគោលបំណង៥សំខាន់ៗ ទី១ ដើម្បីការពារ តួនាទី ខាងផ្នែកប្រព័ន្ធ អេកូឡូស៊ីរបស់តំបន់ ដែលបានកំណត់សម្រាប់ជាផលប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ ទី២ កម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធាធម្មជាតិ ធនធានវប្បធម៌ និងតួនាទីមុខងារនៃតំបន់ ទី៣ ការផ្តល់ជាមូលដ្ឋាន សម្រាប់ការកំសាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងជំនឿ ដែលគ្រប់សកម្មភាពទាំងនេះពុំបង្កការគំរាមកំហែងដល់បរិស្ថានធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន ទី៤ ការផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តរភាព និងទី៥ ការលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់។

ជួរភ្នំក្រវាញ មានទំហំប្រមាណជា ១.៥លានហិកតា ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ព្រៃនៅជួរភ្នំក្រវាញ ជារបាំងធម្មជាតិដ៏សំខាន់នៅកម្ពុជាដែលវាអាចស្រូបកាបូនបានច្រើនជាងគេនៅតំបន់អាស៊ីនិងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ លើសពីនេះបើតាមក្រសួងបរិស្ថាន ធ្លាប់បានឱ្យដឹងថា ជួរភ្នំក្រវាញគឺជាព្រៃទឹកភ្លៀងដ៏អស្ចារ្យចុងក្រោយតែមួយគត់ នៅតំបន់អាស៊ីអាគ្នេយ៍។

ជួរភ្នំក្រវាញគឺជាឈ្មោះដែលគេដាក់តាមរុក្ខជាតិម្យ៉ាងដែលដុះក្នុងព្រៃភ្នំ គឺដើមក្រវាញ។ បើតាមសៀវភៅខ្ញុំចង់ដឹងរបស់អង្គការស៊ីប៉ា ដែលមានចំណងថា«យល់ដឹងពីភាគខាងត្បូងនិងតំបន់មាត់សមុទ្រកម្ពុជា» ជួរភ្នំក្រវាញ លាតសន្ធឹងពីខេត្តប៉ៃលិនដល់ខេត្តកំពត ស្របតាមបណ្តោយឆ្នេរ។ ជួរភ្នំដ៏វែងដែលមានព្រៃក្រាស់នេះ សម្បូរដោយសត្វតូច-ធំ ច្រាំងចោតៗ និងកំពូលភ្នំខ្ពស់ៗ កម្ពស់ជាមធ្យម ១ពាន់ម៉ែត្រដែលវាជាជញ្ជាំងខណ្ឌទំនាបកណ្តាលនិងតំបន់មាត់សមុទ្រ។

 

នៅផ្នែកត្បូងភ្នំឱរ៉ាល់គេឃើញមានខ្ពង់រាបគិរីរម្យ ដែលសម្បូរទៅដោយដើមស្រល់ដ៏ស្រស់ត្រកាល។នៅឯនាយច្រកពេជ្រនិល ជួរភ្នំដំរីលាតសន្ធឹងពីជើងទៅត្បូង រហូតដល់សមុទ្រ ហើយនៅខាងចុង មានមុខចំណោតភ្នំបូកគោ។ជួរភ្នំក្រវាញ សម្បូរទៅដោយព្រៃស្តុក ទឹកធ្លាក់ស្អាតៗ ដែលអាចធ្វើឲ្យតំបន់នេះ ក្លាយជាទីតាំងទេសចរណ៍ដ៏មានសក្តានុពល។លើសពីនេះ ក៏មានសត្វព្រៃជាច្រើនប្រភេទដូចជា ដំរី ខ្លា ក្រពើ ទោច ពស់ សត្វស្លាបនិងសត្វល្អិតជាដើម។

 

ក្រៅពីនេះ ក៏មានកំណប់រ៉ែច្រើនមុខនិងថ្មកែវសម្រាប់យកមកឆ្លាក់ធ្វើជាគ្រឿងលម្អថែមទៀតផង។ ដោយសារតែខ្វះផ្លូវគមនាគមន៍ទើបតំបន់នេះ ពុំសូវមានមនុស្សរស់នៅច្រើន និងទទួលបានការស្រាវជា្រវតិចតួចនៅឡើយ។យ៉ាងណាមិញ  ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) បានសហការគ្នាយ៉ាងល្អ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីធ្វើការងាររួមគ្នាការពារនិងអភិរក្ស រក្សាប្រព័ន្ធគុណភាពអេកូឡូស៊ី បង្កើនគម្របបៃតង ការរស់នៅដោយចរភាពក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

 

លើសពីនេះ ក្រសួងបរិស្ថានក៏បានសហការអនុវត្តកម្មវិធីរេដបូក(REDD+) ជាមួយដៃគូដើម្បីលក់កាបូនសម្រាប់រស់នៅដោយចីរភាពនិងដើម្បីផ្តល់ឱកាសថែមទៀត ដល់សហគមន៍តំបន់ការពារធម្មជាតិ ក្នុងការគិតគូរពីបរិស្ថាន និងការអភិរក្សធនធានធម្មជាតិជីវៈចម្រុះតាមទិសស្លោក «រក្សាព្រៃឈើឈរដើម្បីជីវភាពរុងរឿងនាពេលអនាគត»៕

ដោយ ៖ សិលា


ចែករំលែក៖