ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៤ នេះ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ចនិងជា មេបញ្ជាការរង កងទ័ពជើងគោកបានអញ្ជើញចុះជួបសំណេះ សំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំទាំង៨ របស់គណបក្ស ប្រជាជនកម្ពុជា នៅស្រុកចំការលើ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះលោកហ៊ុន ម៉ានិត សូមថ្លែងអំណរ គុណដល់ក្រុមការងារគណបក្ស និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចបម្រើប្រជាជន ជំរុញការអភិវឌ្ឍ និងលើកស្ទួយជីវភាពប្រជាជននៅមូលដ្ឋាន។
ជាមួយគ្នានេះដែរលោកក៏សូមថ្លែងអំណរគុណដល់អ៊ំ ពូមីង បងប្អូន ដែលជាក្រុមការងារគណបក្ស មន្ត្រីគណ បក្ស និងអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបានបំពេញកាតព្វកិច្ច និងតួនាទី ស្វែងរកសម្លេងឆ្នោត បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក ហ៊ុន ម៉ានិត បន្តថា ដោយសារការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជាលទ្ធផល ខេត្តកំពង់ចាមទទួលបានសម្លេងគាំទ្របន្ថែមពីសមាជិកគណបក្សដទៃ បោះឆ្នោតជូនគណបក្សរបស់យើង។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត/ក្រុង/ស្រុក អាណត្តិទី៤ នឹងប្រព្រឹត្តទៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៤ នាពេលខាងមុខ។ ដូចនេះសូម អ៊ំ ពូមីង បងប្អូន ដែលជាអង្គបោះឆ្នោត សូមត្រៀមលក្ខណៈឱ្យបានល្អ ថែរក្សាសុខភាព និងសុវត្ថិភាព ជាពិសេសឯកសារសម្រាប់បម្រើការបោះឆ្នោត។
ជាទីបញ្ចប់ សូមក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ មន្ត្រីគណបក្ស សមាជិក្រុមប្រឹក្សាស្រុក និងឃុំ បន្តពង្រឹងសាមគ្គីភាព រួមគ្នាដោះស្រាយបញ្ហាជូនប្រជាជន ឱ្យបានទាន់ពេលវេលា៕
ដោយ៖ សូរិយា