ខេត្តព្រះវិហារ ៖ រថយន្តដឹកបាវក្រណាត់ពីលើហើយបង្កប់ក្រោមបន្លំដាក់ឈើត្រូវបានផ្នែករដ្ឋបាលព្រៃឈើឆែប សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តព្រះវិហារ និងប៉ូលិសប៉ុស្ដិ៍នគរបាលរដ្ឋបាលឆែបមួយបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃធ្វើការស្ទាក់និងឆែកឆេបង្ក្រាបរឹបអូសយកមកកាន់ទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើឆែប។
ការបង្ក្រាបរឹបអូសរថយន្តដឹកឈើបង្កប់ក្រណាត់នោះសមត្ថកិច្ចចម្រុះបានប្រតិបត្តិការបង្ក្រាបនៅវេលាម៉ោង២៣និង៥០នាទីនៅយប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចនិយាមកា(៥៤៦២៧២- ១៥២៣១៤៦) ស្ថិតនៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
ក្នុងប្រតិបត្តិការនោះមានការឯកភាពពី លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារផងដែរ ។
ហើយប្រតិបត្តិការនោះកម្លាំងមានសមត្ថកិច្ចបានធ្វើការចាប់ឃាត់រថយន្ដ ចំនួន០១គ្រឿង ម៉ាកHyundai ពណ៌ស ទម្ងន់ផ្ទុក៣,៥តោន ពាក់ស្លាកលេខភ្នំពេញ3C-1620 បើកបរដឹកជញ្ជូនបាវក្រណាត់ ក្រោមរូបភាពបន្លំដាក់ឈើនៅពីខាងក្រោម ឃើញដូច្នេះក្រុមការងារក៏បានសម្រេចនាំយករថយន្ដ និងឈើអារខាងលើមកកាន់ទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើឆែប ស្ថិតនៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែបខេត្តព្រះវិហារ ដើម្បីធ្វើការវាស់វែងជាក់ស្ដែងនិងចាត់ការបន្តតាមច្បាប់ព្រៃឈើ។
ក្នុងនោះឃើញមានឈើអារ ប្រភេទលេខ១(សុក្រម) ចំនួន៤៨សន្លឹក ស្មើនឹង១,៨០០ (មួយម៉ែត្រត្រីគុណ ប្រាំបីរយ) ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើឡើយ។
ឯម្ចាស់ដែលមានឈ្មោះ ស៉ីម ថុល ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ជាអ្នកបើកបរដឹកជញ្ជូនក្រណាត់ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងព្រិច ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ៕
ដោយ ៖ ជីវ័ន្ត