ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម គឹម សៀប

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម គឹម សៀប ស្ថិតនៅផ្ទះលេខ៩៣ ផ្លូវជាតិលេខ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម គឹម សៀប ទីប្រឹក្សា រាជរដ្ឋាភិបាលកម្ពុជា និងជាអតីតអនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍ ដឹកជញ្ជូន និងប្រៃសណីយ៍ បានទទួលមរណភាព កាលពីថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៤:៤៥នាទីព្រឹក ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។ 

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមរំលែកមរណទុក្ខជាមួយ លោកជំទាវ រាជ សិញ ចំពោះមរណភាពរបស់ ឯកឧត្តម គឹម សៀប គឺជាការបាត់បង់នូវស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងទឹកចិត្ត សន្តោស ប្រណីដ៏ថ្លៃថ្លាចំពោះបុត្រាបុត្រី និងចៅៗ រួមទាំងសាច់ញាតិ មិត្តជិតឆ្ងាយទាំងអស់ ពិសេសគឺជាការបាត់បង់ នូវធនធានមនុស្សដ៏ល្អឆ្នើមមួយរូប និងជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិការក្នុងការបំរេីបុព្វហេតុជាតិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម គឹម សៀប សូមបានចាប់កំណើតក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖