ព័ត៌មានទាន់ហេតុការណ៍៖

កំណែសន្លឹកកិច្ចការប្រឡងគ្រូអនុវិទ្យាល័យប្រើប្រាស់ពេលប្រមាណ១៤ម៉ោង និងមានមន្ត្រីចូលរួមកែប្រមាណ១៤០នាក់

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងក្នុងពិធីបុណ្យសម្ពោធសមិទ្ធផលនានានៅវត្តសិរីសោភា ហៅវត្តអង្គតាម៉ិញ ព្រឹកថ្ងៃទី៩ ខែឧសភា ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ថា “ពេល នេះគណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងដំណើរ ការកែសន្លឹកកិច្ចការ។ ហើយម្សិលមិញដំណើរការកែសន្លឹកកិច្ចការចាប់ផ្តើមពីម៉ោង៧ព្រឹក រហូតដល់ម៉ោង ៩ និង២៥នាទីយប់។” លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា “នេះជាពេលវេលាដែលមិនធ្លាប់មានទេ ហើយសកម្ម ភាពនេះគឺចេញមកពីឆន្ទៈ បេះដូង របស់មន្ត្រីរាជការ ក្នុងការពន្លឿនឱ្យបានឆាប់បញ្ចប់ការងារនេះ ព្រោះបេក្ខជនកំពុងទន្ទឹងរង់ចាំលទ្ធផល។” 

ដំណើរការកែសន្លឹកកិច្ចការសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ លើកទីមួយ ដើម្បីសម្រាំងបេក្ខជន បានចាប់ផ្តើមកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ដោយមានសន្លឹកកិច្ចការប្រមាណ៣ម៉ឺនច្បាប់។ កំណែសន្លឹកកិច្ចការក្នុងបរិមាណនេះ មានការចូលរួមកែពីសិស្សមន្ត្រីជាន់ខ្ពស់របស់សាលាភូមិន្ទរដ្ឋបាលចំនួន ១៤០នាក់។ តាមការប៉ាន់ស្មាន ការងារកែសន្លឹកកិច្ចការនេះ អាចនឹងឈានដល់ការបញ្ចប់ត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ហើយគណៈកម្មការរៀបចំការប្រឡងប្រជែងនឹងបន្តនីតិវិធីបូកសរុបពិន្ទុ និងយន្តការការងារបន្ថែមទៀត ដើម្បីឆាប់សម្រេចបានលទ្ធផលជូនបេក្ខជន សម្រាប់ការត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រឡងលើកទី២។

លោកឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ក្នុងអាណត្តិទី៧ ក្រសួងមុខងារសាធារណៈ បានអនុវត្តវិធានការគន្លឹះការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមការដឹកនាំ និងការណែនាំជាប្រចាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នោះគឺការជ្រើសរើសមន្ត្រីរាជការ ស៊ីវិលតាមក្រសួង- ស្ថាប័ន ត្រូវអនុវត្តតាមយន្តការតែមួយ គោលការណ៍រួមមួយ និងអនុលោមនិយាមនីតិវិធីប្រតិបត្តិតែមួយ។ យន្តការនេះត្រូវធានាឱ្យបាននូវឱកាសស្មើៗគ្នា ទាំងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ យ៉ាងតិច១ខែ ដើម្បីទុកពេលវេលាគ្រប់គ្រាន់ជូនបេក្ខជនចុះឈ្មោះចូលរួមប្រឡងប្រជែងតាមប្រព័ន្ធអនឡាញ។ ទន្ទឹមនេះ មន្ទីរមុខងារសាធារណៈ រាជធានី-ខេត្ត ក៏មានតួនាទីភារកិច្ចបន្ថែមមួយកម្រិតទៀតក្នុងការផ្សព្វផ្សាយ ក៏ដូចជាសម្របសម្រួលការចុះឈ្មោះជូនបេក្ខជនទូទាំងប្រទេសផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖