ប្រធានាធិបតី Volodymyr Zelenskiy បាននិយាយថា អ៊ុយក្រែនអាចរារាំងកងកម្លាំងរុស្ស៊ីពីការឈានទៅមុខនៅបូព៌ា ប្រសិនបើសម្ព័ន្ធមិត្តបង្កើនជំនួយអាវុធដល់ប្រទេសនេះ។មេដឹកនាំអ៊ុយក្រែនបានធ្វើការអត្ថាធិប្បាយខាងលើក្នុងសន្និសីទកាសែតក្នុងទីក្រុងគៀវ ជាមួយប្រធានសភាអឺរ៉ុប Roberta Metsola។
រ៉យទ័របានដកស្រង់សម្តីប្រធានាធិបតី Volodymyr Zelenskiyនិយាយថា “ប្រសិនបើការផ្គត់ផ្គង់អាវុធកើនឡើង យើងនឹងអាចរារាំងកងកម្លាំងរុស្ស៊ីនៅបូព៌ា ជាកន្លែងដែលពួកគេមានគំនិតផ្តួចផ្តើម” ។
នៅចុងខែមេសា សហរដ្ឋអាមេរិកបានអនុម័តកញ្ចប់ជំនួយ 61 ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន បន្ទាប់ពីមានការពន្យាររយៈពេលជាច្រើនខែនៅក្នុងសភា។ ទីក្រុងគៀវបានស្វាគមន៍ចំពោះចំណាត់ការរបស់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែបានព្រមានថាពេលវេលាកំពុងអស់ហើយ ដោយសារតែអង្គភាពជាច្រើននៃកងទ័ពរបស់ប្រទេសមិនទាន់ទទួលបានជំនួយអាវុធនៅឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា សហរដ្ឋអាមេរិកនឹងប្រកាសជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន “នៅក្នុងសប្តាហ៍ខាងមុខនេះ” ។ អ្នកនាំពាក្យក៏បានបង្ហាញផងដែរថា ក្រុងវ៉ាស៊ីនតោនកំពុងស្រាវជ្រាវកញ្ចប់ថវិកាបន្ថែមសម្រាប់ក្រុងគៀវ។
កាលពីថ្ងៃទី១០ ខែឧសភា កាសេត Kyiv Independent បានរាយការណ៍ថា ប្រទេសអ៊ុយក្រែនអាចនឹងអនុញ្ញាតឲ្យអ្នកទោសចំនួន ២ ម៉ឺននាក់ចូលរួម។ នេះជាវិធានការមួយដើម្បីជួយក្រុងកៀវទប់ទល់នឹងការខ្វះខាតកងទ័ព និងកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។
យោងតាមច្បាប់ដែលបានអនុម័តដោយសភាអ៊ុយក្រែនកាលពីថ្ងៃទី 8 ខែឧសភា មនុស្សដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មមួយចំនួននឹងអាចបម្រើក្នុងជួរកងទ័ព ដោយត្រួសត្រាយផ្លូវសម្រាប់ការចល័តអ្នកទោសដោយស្ម័គ្រចិត្ត៕ ដោយ៖ ធីរីណា
រូបថត៖ Reuters