ព័ត៌មានទាន់ហេតុការណ៍៖

ចូលទៅលួចម៉ូតូម្ចាស់ឃេីញទាន់ចាប់ឃាត់ប្រគល់ឱ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានដេីរចូលទៅធ្វេីសកម្មភាពលួចយកម៉ូតូជនរងគ្រោះដល់ក្នុងផ្ទះ តែម្ចាស់ម៉ូតូឃេីញទាន់ក៏ស្រែកឆោឡោដេញចាប់បានប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធី៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើឈ្មោះផុន វ៉ាន់ឌី អាយុជាង២៧ឆ្នាំ មានទីលំនៅក្នុងខេត្តកំពង់ធំ ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ ស្ដើង រឿង ភេទប្រុស អាយុ៧៥ឆ្នាំ មានទីលំនៅផ្ទះកើតហេតុខាងលើ ហើយម៉ូតូរបស់គាត់ដែលចោរលួចយកមិនបានសម្រេចនោះ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GX-7443 ។

ម្ចាស់ម៉ូតូបាននិយាយថា នៅមុនពេលកើតហេតុគាត់បានទុកម៉ូតូនៅក្នុងផ្ទះ រួចបានដាក់ប៉ៅអុីដេកនៅក្បែនោះដែរ ខណៈនោះស្រាប់តែជនសង្ស័យខាងលើចូលទៅលួច ប៉ុន្តែមិនបានសម្រេចឡើយ ដោយសារតែកូនស្រីគាត់ម្នាក់ឈ្មោះរឿង សុខចាន់ អាយុ៤២ឆ្នាំ មុខរបរលក់ចាប់ហួយនៅផ្ទះជាប់នោះទៅទាន់ ។ ពេលនោះជនសង្ស័យបានរត់ចេញ ហើយគាត់ក៏ហៅកម្លាំងប្រជាការពារភូមិជួយឃាត់ ហើយបានធ្វើការត្រួតពិនិត្យរកឃើញឧបករណ៍កាច់សោ.កម៉ូតូ១ដើម រួចប្រគល់អោយនគរបាលយកទៅសួរនាំតែម្ដង។

ម្ចាស់ម៉ូតូរូបនេះបានឱ្យដឹងទៀតថា កូនស្រីគាត់ឈ្មោះសុខ ចាន់ បានបាត់ម៉ូតូចំនួន២គ្រឿងរួចមកហើយ គឺកាលពីអំឡុងខែកុម្ភៈឆ្នាំ២០២៤ បានបាត់ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០២១ មួយគ្រឿង។ លុះដល់ខែមិនា ឆ្នាំ២០២៤ បានបាត់ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ មួយគ្រឿងទៀត។ ចាប់ពីពេលនោះមករកមុខចោរអត់ឃើញទេ រហូតដល់ថ្ងៃកើតហេតុនេះស្រាប់តែលេចមុខជនសង្ស័យខាងលើចូលទៅរកទិញនំនិងមីនៅផ្ទះកូនគាត់ ហើយអឺតឡឺមៗ រួចក៏ចូលលួចម៉ូតូរបស់គាត់បែបនេះ។

នៅពេលប្រជាពលរដ្ឋសួរនាំជនសង្ស័យបាននិយាយថា ខ្លួនបានជិះរថយន្តឈ្នួលមកពីខេត្តកំពង់ធំដើម្បីធ្វើសកម្មភាពលួចម៉ូតូនៅភ្នំពេញ ហើយមានបំណងថាប្រសិនបើលួចបានខ្លួននិងជិះយកទៅកាន់ខេត្តកំពង់ធំវិញតែម្ដង។ បន្ទាប់មកក៏បានចូលទៅធ្វើសកម្មភាពលួចនៅក្នុងផ្ទះខាងលើ ប៉ុន្តែមិនបានសម្រេចក៏ត្រូវប្រជាការពារភូមិឃាត់ខ្លួន ហើយកន្លងមកខ្លួនធ្លាប់លួចបានសម្រេច៣ទៅ៤ដងរួចមកហើយដែរ ។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសួរនាំនិងកសាងសំណុំរឿងទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតានីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖