ព័ត៌មានទាន់ហេតុការណ៍៖

អាហ្វហ្គានីស្ថាន៖ អ្នកស្លាប់ដោយគ្រោះទឹកជំនន់កើនឡើងជាង៣០០នាក់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បានផ្សាយថា កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានឱ្យដឹងថា មានមនុស្សជាង ៣០០នាក់ហើយបានស្លាប់នៅក្នុងទឹកជំនន់ភ្លាមៗ ដែលហូរកាត់ខេត្តជាច្រើនរបស់អាហ្វហ្គានីស្ថាន ខណៈដែលអាជ្ញាធរបានប្រកាសអាសន្ននិងប្រញាប់ប្រញាល់ជួយសង្គ្រោះអ្នករបួស។
អ្នកនៅរស់រានមានជីវិតត្រូវដើរឆ្លងកាត់ផ្លូវដែលមានភក់ កម្ទេចកម្ទី និងអគារដែលរងការខូចខាត ខណៈដែលអាជ្ញាធរក៏ដូចជាក្រុមអង្គការមិនមែនរដ្ឋាភិបាល បានដាក់ពង្រាយអ្នកជួយសង្គ្រោះនិងផ្តល់ជំនួយ ហើយថាតំបន់មួយចំនួនត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់។ បើតាម WFP ខេត្ត Baghlan នៅភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន គឺជាខេត្តមួយក្នុងចំណោមខេត្តដែលរងគ្រោះខ្លាំងជាងគេ ដោយមនុស្សជាង៣០០នាក់បានស្លាប់នៅក្នុងខេត្តនេះ ហើយផ្ទះរាប់ពាន់ខ្នងត្រូវបំផ្លាញឬខូចខាត។ មន្រ្តីទំនាក់ទំនងរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំអាហ្វហ្គានីស្ថាន លោកស្រី Rana Deraz បានប្រាប់ AFP ថា នៅខេត្ត Baghlan មានអ្នកស្លាប់កើនឡើងដល់ចំនួន៣១១នាក់ ផ្ទះ ២,០១១ខ្នងត្រូវបំផ្លាញនិងខូចខាតចំនួ ២,៨០០ខ្នង។
ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសុក្រសប្តាហ៍នេះ បណ្តាលឱ្យទឹកទន្លេជន់ឡើងហូរហៀរនាំមកនូវភក់ហូរកាត់ភូមិ និងពាសពេញដីកសិកម្មនៅក្នុងខេត្តមួយចំនួនរបស់ប្រទេសអាហ្វហ្កានីស្ថាន៕ ដោយ៖ ធីរីណា

រូប​ថត​៖ AP


ចែករំលែក៖