ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញក.ប.ប. បន្តដកហូតទំនិញដែលគ្មានគុណភាពសរុបចំនួន ១៥.៣គីឡូក្រាមយកកម្ទេចចោល

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅថ្ងៃ​ទី១៦​ ខែឧសភា​ ឆ្នាំ​២០២៤នេះថា​៖ មន្រ្តីជំនាញ ក.ប.ប. បន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការត្រួតពិនិត្យម្ហូបអាហារនៅលើទីផ្សារ​ដើម្បីធានាការពារសុខុមាលភាពប្រជាពលរដ្ឋជាមួយនឺងយន្តការអប់រំណែនាំ។ 

ជាក់ស្ដែង​រយៈពេល​ពីរ​ថ្ងៃ​ គឺថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៤ មន្រ្តីជំនាញ ក.ប.ប. នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលប្រចាំតាមបណ្ដាសាខារាជធានី ខេត្តបានបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនលើការងារត្រួតពិនិត្យម្ហូបអាហារជាប្រចាំដើម្បីការការពារ ទប់ស្កាត់ទំនិញ ជាពិសេសម្ហូបអាហារដែលមានហានិភ័យចំពោះសុខភាពប្រជាពលរដ្ឋនៅតាមទីផ្សារគោលដៅជាច្រើនផ្សេងគ្នា។ ក្នុងសកម្មភាពត្រួតពិនិត្យនោះមន្រ្តីជំនាញបានដកហូតទំនិញដែលពុំមានអនុលោមភាពសរុបចំនួន ១៥.៣គីឡូក្រាមយកកម្ទេចចោល ព្រោះថាទំនិញទាំងអស់នោះមានផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគយ៉ាធ្ងន់ធ្ងរប្រសិនអ្នកប្រើប្រាស់យកទៅទទួលទាន។

បន្ថែមពីនោះមន្រ្តីជំនាញ​ បានបន្ថែមការអប់រំដល់អាជីវករដែលលក់ដូរក្នុងផ្សារគោលដៅ និងអាជីវករដែលលក់ដូរតាមផ្ទះឱ្យបានយល់ដឹងបន្ថែមនូវចំណេះដឹងផ្នែកម្ហូបអាហារធ្វើយ៉ាងណាឱ្យម្ហូបអាហារទាំងអស់នោះមានសុវត្ថិភាពមុនលក់ជូនប្រជាពលរដ្ឋដែលជាអតិថិជន៕

ដោយ​៖ តារា​


ចែករំលែក៖