ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ បានអនុញ្ញាតឱ្យលោក ចូសេហ្វ សូយ័រ អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។
លោកអភិសន្តិបណ្ឌិត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក ចូសេហ្វ សូយ័រ និងបាន ថ្លែងអំណរគុណចំពោះភ្នាក់ងារអង្គការសហប្រជាជាតិដែលនៅតែបន្តផ្ដល់ការគាំទ្រដល់ប្រទេសកម្ពុជា តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។
បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា ទីភ្នាក់ងារUN បានរួមដំណែកក្នុងដំណើរការស្ដារប្រទេសកម្ពុជាក្រោយសង្គ្រាម រួមទាំងការពង្រឹងសមត្ថភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាពិសេសការជួយគាំទ្រកម្ពុជាក្នុងការធ្វើមូលដ្ឋាននីយកម្មគោលដៅសកលនៃការអភិវឌ្ឍប្រកបដោយចីរភាព ឱ្យស្របទៅនឹងបរិការណ៍កម្ពុជាដើម្បីពន្លឿនការសម្រេចបាននូវរបៀបវារៈ ឆ្នាំ២០៣០។
លោកអភិសន្តិបណ្ឌិត ក៏បានជម្រាបជូនលោក ចូសេហ្វ សូយ័រ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយអង្គការសហប្រ ជា ជា តិក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាពមួយចំនួន រួមមាន អភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ សុវត្ថិភាពផ្លូវថ្នល់ ការប្រឆាំងហិង្សាផ្នែកយេនឌ័រ បម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀង កិច្ចការពារសង្គម ជាអាទិ៍។
ជាការឆ្លើយតប លោក ចូសេហ្វ សូយ័រ អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានសម្ដែងការអបអរសាទរជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់កិច្ចសហការជាមួយ អង្គការសហប្រជាជាតិនាពេលកន្លងមកនេះ។
ក្នុងជំនួបនោះដែរ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ក៏បានគូសបញ្ជាក់ជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថាអង្គការសហប្រជាជាតិ ត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព ស្របតាមគោលដៅដែលបានគ្រោងទុក៕
ដោយ ៖ សិលា