ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងអប់រំសំណេះសំណាល និងបំពាក់គ្រឿង ឥស្សរិយយសការងារ ជូនមន្ត្រីរាជការ បុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយនយសការងារ ជូនមន្ត្រីរាជការ បុគ្គលិកអប់រំ នៃមន្ទីរ អប់រំ យុវជន និងកីឡាខេត្តប៉ៃលិន ដោយមានការចូលនរួមពី លោកជំទាវអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងអប់រំ យុវជន និង កីឡា លោក លោកស្រី លោកនាយក និងលោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ និងអង្គភាពពាក់ព័ន្ធសរុបចំនួនប្រមាណ ៤០៩នាក់។

តាងនាមក្រសួងអប់រំ យុវជន និងកីឡាបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីថ្លែងអំណរគុណ អភិបាលនៃគណៈអភិបាល ខេត្តប៉ៃលិន ដែលបានចូលរួមក្នុងពិធីនេះ និងសូមចូលរួមអបអរសាទរដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានទទួលមេដាយនៅ ក្នុងថ្ងៃនេះ និងបានកោតសរសើរ វាយតមៃ្លខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកប ដោយមនសិការខ្ពស់ដើម្បីបុព្វហេតុនៃការលើកកម្ពស់គុណភាពអប់រំ និងផ្តល់សេវាអប់រំប្រកបដោយគុណភាពដល់សិស្សានុ សិស្សកម្ពុជា ដោយគូសបញ្ជាក់ថាខេត្តប៉ៃលិន ជាខេត្តដែលមានចំនួនសាលារៀនគំរូច្រើនគួរជាទីមោទនៈ។ ផ្សារភ្ជាប់នឹងទឹកដីប៉ៃលិនបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកដល់ ស្នាដៃអក្សរសិល្ប៍របស់កវីនិពន្ធ ញ៉ុក ថែម,រឿង កូលាបប៉ៃលិន ដែលធ្វើឱ្យយុវជនខ្មែរពីមួយជំនាន់ទៅមួយជំនាន់ បានស្គាល់ និងយល់ដឹងពីទឹកដៃប៉ៃលិន។

រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះ មានមុំទី១ គឺការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់គុណភាពអប់រំ ការលើកកម្ពស់ការបង្រៀនខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងមុំទី៥ គឺការលើកកម្ពស់នូវសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលក្នុងនោះ វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តនូវផែនការយុទ្ធសាស្ត្រនេះ។

ទន្ទឹមនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញវិធានគន្លឹះចំនួន ៤ គឺ ៖ទី១). ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២). ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣). ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុង  ការអប់រំស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ”។

ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញ នូវស្តង់ដាសាលារៀនគំរូចំនួន ៥ ដែលរួមមាន ៖ ១). លទ្ធផលការសិក្សារបស់សិស្ស ២). ការបង្រៀន និងរៀន ៣). ការចូលរួមរបស់សហគមន៍ ៤). ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និង៥). គណនេយ្យភាពរបស់សាលារៀន ដើម្បីអនុវត្តស្តង់ដាសាលារៀនគំរូ ក្រសួងអប់រំ យុវជន និងកីឡា បន្តការយកចិត្តទុកដាក់លើការអប់រំកុមារតូច ឱ្យមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ទាំងប្រាជ្ញាស្មារតី និងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរៀនមត្តេយ្យសិក្សា ដោយគូសបញ្ជាក់ថាការវិនិយោគលើមត្តេយ្យសិក្សា គឺជាការវិនិយោគមួយប្រកបដោយសក្តានុពល តាមរយៈការលើកកម្ពស់បំណិនសង្គម លើកកម្ពស់អំណាន និងគណិតវិទ្យាថ្នាក់ដំបូង។

តបតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្រសួងលើកទឹកចិត្តឱ្យសាលារៀនបង្កើនម៉ោងរៀនបន្ថែមយ៉ាងហោចណាស់ ២ម៉ោងក្នុង១ថ្ងៃ និងរៀនពេញ១ថ្ងៃ ដោយជំរុញឱ្យមានការចូលរួមគាំទ្រពីមាតា បិតា អ្នកអាណាព្យាបាល ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។

មុនបញ្ចប់ការសំណេះសំណាល បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសារជាថ្មី ដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ដែលចូលរួមគាំទ្រដល់គម្រោងកែលម្អគុណភាពអប់រំ និងអបអរដល់លោកគ្រូ អ្នកគ្រូ ដែលទទួលបានឱកាសទៅរៀនបន្តនៅសាលកវិទ្យាល័យភូមិន្ទភ្នំពេញដើម្បីពង្រឹងបន្ថែមចំណេះដឹង និងជំនាញសម្រាប់យកមកអនុវត្តក្នុងការកែលម្អសាលារៀន ក្នុងគោលដៅបន្តជួយគាំទ្រសាលារៀនយើងឱ្យក្លាយជាសាលារៀនគំរូ និងស្នើឱ្យបន្តចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ឆ្ពោះ ទៅលើកកម្ពស់វិស័យអប់រំកម្ពុជាឱ្យកាន់តែរីកចម្រើន៕

ដោយ៖ សូរិយា


ចែករំលែក៖