ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះលើផេកផ្លូវការថា ៖ នៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃបុណ្យវិសាខបូជា ដែលនៅតាមបណ្តាវត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពុទ្ធសាសនិកជនទូទាំងពិភពលោក នាំគ្នាប្រារព្ធពិធីបុណ្យសាសនាដ៏សំខាន់នេះជារៀងរាល់ឆ្នាំ។
បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតនៅក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ព្រោះបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗ ៣ នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺ ៖ ទី១. ថ្ងៃដែលព្រះអង្គទ្រង់បានប្រសូតឡើង ទី២. ថ្ងៃដែលព្រះអង្គទ្រង់បានត្រាស់ដឹង និងទី៣. ថ្ងៃដែលព្រះអង្គទ្រង់ចូលបរិនិព្វាន។
ព្រឹត្តិការណ៍ធំៗទាំង៣ ខាងលើនេះ គឺសុទ្ធតែកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។ ជាមួយគ្នានោះ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ ក៏បានប្រកាសទទួលស្គាល់ “វិសាខបូជា” ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការងារ និងសាធារណជន អាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោក ទៀតផង។
សូមគោរពជូនពរពុកម៉ែ បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទូទាំងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូល សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា