ខេត្តឧត្តរមានជ័យ ៖ កម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដោយជាប់ពាក់ព័ន្ធពីបទរំលោភសេពសន្ថវៈលើអនីតិជន(អាយុក្រោម១៥ឆ្នាំ) រហូតមានផ្ទៃពោះជាងមួយខែ។
ប្រភពព័ត៌មានបានឱ្យដឹងថា មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកត្រពាំងប្រាសាទបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរួមភេទជាមួយអនីតិជនរហូតមានផ្ទៃពោះ១ខែកន្លះ ហើយជនសង្ស័យត្រូវកម្លាំងជំនាញបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យដើម្បីបន្តនីតិវិធី។
បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ មូលដ្ឋានស្រុកត្រពាំងប្រាសាទសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសចុះឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ក្រូច ផាត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិដីក្រហម ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (តាមពាក្យបណ្ដឹងរបស់ឪពុកជនរងគ្រោះ) ឈ្មោះ វ៉ែន សំណាង ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ នៅចំណុចភូមិ ឃុំជាមួយគ្នា កុមារីរងគ្រោះឈ្មោះ ស. ស.ន រហូតមានផ្ទៃពោះ១ខែកន្លះ។
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ជនសង្ស័យត្រូវបានកម្លាំងជំនាញបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ៕
ដោយ៖ សូរិយា