ព័ត៌មានទាន់ហេតុការណ៍៖

គ្មានដានគ្រាប់កាំភ្លើងត្រូវបានគេរកឃើញលើតួឧទ្ធម្ភាគចក្រដែលធ្លាក់ពេលដឹកប្រធានាធិបតីអុីរ៉ង់នោះទេ

ចែករំលែក៖

កាលពីថ្ងៃទី២៤ ខែឧសភា អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអុីរ៉ង់បានប្រកាសលទ្ធផលស៊ើបអង្កេតបឋមដោយនិយាយថា ពួកគេមិនបានរកឃើញរន្ធគ្រាប់កាំភ្លើងនៅលើតួឧទ្ធម្ភាគចក្រដែលបានធ្លាក់ពេលដឹកអតីតប្រធានាធិបតី Ebrahim Raisi នោះទេ។
ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តី សេវាសារព័ត៌មានរបស់អគ្គសេនាធិការអុីរ៉ង់ដែលបាននិយាយថា គ្មានរន្ធគ្រាប់កាំភ្លើងឬការខូចខាតស្រដៀងគ្នានេះត្រូវបានរកឃើញនៅលើផ្នែកខ្លះនៃឧទ្ធម្ភាគចក្រដែលបានធ្លាក់នោះទេ។
អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអុីរ៉ង់បានបន្ថែមថា អ្នកបើកបរឧទ្ធម្ភាគចក្រដែលបានធ្លាក់បានទាក់ទងអ្នកបើកបរនៃឧទ្ធម្ភាគចក្រពីរគ្រឿងដែលនៅសល់នៃក្បួនមុនពេលឧបទ្ទវហេតុ ហើយឧទ្ធម្ភាគចក្រនេះបានឆេះបន្ទាប់ពីបុកភ្នំ។
ទន្ទឹមនឹងនេះដែរ មនុស្សប្រហែល 3 លាននាក់បានចូលរួមពិធីបុណ្យសពរបស់អតីតប្រធានាធិបតី Ebrahim Raisi នៅក្នុង “ទីក្រុងបរិសុទ្ធ” Mashhad របស់ប្រទេសអុីរ៉ង់។ លោក Raisi ត្រូវបានគេយកទៅសម្រាកនៅក្នុងទីសក្ការបូជា Imam Reza ជាកន្លែងដែលអដ្ឋិធាតុរបស់ Ali al-Rida ដែលជា Imam ទីប្រាំបីនៃ Shia Islam ស្ថិតនៅ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA មនុស្សរាប់លាននាក់បានសម្រុកទៅកាន់ទីក្រុង Mashhad ពីទីក្រុងផ្សេងទៀតរបស់អុីរ៉ង់ និងសូម្បីតែប្រទេសផ្សេងទៀតដូចជាអុីរ៉ាក់ អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងទួរគី។
កាលពីថ្ងៃទី 19 ខែឧសភា ឧទ្ធម្ភាគចក្រដែលដឹកប្រធានាធិបតីអុីរ៉ង់ Ebrahim Raisi និងមន្ត្រីរបស់គាត់បានធ្លាក់នៅតំបន់ភ្នំដាច់ស្រយាលនៃខេត្ត Azarbaijan ភាគខាងកើត។ ប្រធានាធិបតី Raisi និងមនុស្សប្រាំបីនាក់នៅលើឧទ្ធម្ភាគចក្រត្រូវបានស្លាប់ទាំងអស់ រួមទាំងរដ្ឋមន្ត្រីការបរទេសអុីរ៉ង់ Hossein Amir-Abdollahian និងអភិបាលខេត្ត East Azarbaijan លោក Malek Rahmati ៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN


ចែករំលែក៖